(កៀវ)៖ ទាហានអ៊ុយក្រែន បាន និងកំពុងបង្កើនការវាយបកប្រឆាំងនឹងទាហានរុស្ស៉ីនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងមូស្គូទម្លាក់គ្រាប់បែក នៅតាមតំបន់ជាយរដ្ឋធានីកៀវ ជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្សយ៉ាងហោច ១៥នាក់បានរងរបួសក្នុងការវាយប្រហារដោយមីស៊ីលរបស់ទាហានរុស្ស៉ី លើមូលដ្ឋានយោធាក្នុងស្រុក វីសហ័ររ៉ូដ (Vyshhorod) ស្ថិតនៅជាយរដ្ឋធានីកៀវ កាលពីថ្ងៃព្រហស្បតិ៍។ មីស៊ីលរុស្ស៉ីជាង១០គ្រាប់ផ្សេងទៀត ក៏បានវាយប្រហារលើទីក្រុងឈែរនីហ៊ីវ (Chernihiv) ស្ថិតនៅចម្ងាយប្រហែល១២០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីកៀវផងដែរ ហើយទាំងទីក្រុងឈែរនីហ៊ីវ និងរដ្ឋធានីកៀវ មិនធា្លប់រងការវាយប្រហារពីរុស្ស៉ីឡើយ អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។

ប៉ុន្តែ ព្រមពេលជាគ្នា ទាហានអ៊ុយក្រែនបានដឹកនាំប្រតិបត្តិការវាយបកលើទាហានរុស្ស៉ី នៅក្នុងតំបន់ភាគខាងត្បូងតាមរយៈការវាយប្រហារតាមផ្លូវអាកាស ដោយប្រើយន្ដហោះចម្បាំងវាយប្រហារលើមូលដ្ឋានរឹងមាំចំនួនរបស់រុស្ស៉ី នៅជុំវិញតំបន់ខឺសុន និងតំបន់នៅក្បែរទីក្រុងនេះ ជាទីដែលទាហានអ៊ុយក្រែន កំពុងផ្ដោតលើការវាយបក ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។

គួរបញ្ជាក់ថា ខណៈទាហានរុស្ស៉ីកំពុងរីកចម្រើនទៅមុខយឺតៗនៅក្នុងតំបន់ដុនបាស់ ទាហានអ៊ុយក្រែនដោយមានជំនួយអាវុធពីលោកខាងលិចបានអះអាងថា ខ្លួនបានបំផ្លាញស្ពានចំនួន៣ ឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ដែលនេះនឹងបង្កការលំបាកដល់រុស្ស៉ីក្នុងការផ្គត់ផ្គង់ស្បៀង ឬអាវុធដល់ទាហានរបស់ខ្លួន ខណៈ ចារកម្មអង់គ្លេសថានេះជាការចាប់ផ្ដើមយុទ្ធសាស្ត្រកាត់ផ្ដាច់ឱ្យទាហានរុស្ស៉ីក្នុងតំបន់ខឺសុនឯកកោ៕