(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយធ្វើតេស្តចេញអវិជ្ជមាន បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសប្រាប់ប្រជាជនអាមេរិកទាំងអស់ថា កូវីដ១៩ មិនទាន់រលាយបាត់នៅឡើយទេ ក៏ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរនៃជំងឺ អាចទប់ស្កាត់បាន តាមរយៈការចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងដូសជំរុញ ក៏ដូចជាការលេបថ្នាំព្យាបាល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីសេតវិមានបានចេញផ្សាយ ការអាប់ដេតប្រចាំថ្ងៃពីវេជ្ជបណ្ឌិតរបស់លោក ដែលអនុញ្ញាតឱ្យលោកអាចបញ្ចប់ រយៈពេលធ្វើចត្តាឡីស័ក លោក បៃដិន បានបង្ហោះសារតាមប្រព័ន្ធ Twitter ថា រូបលោកបានត្រឡប់ទៅបំពេញការងារ នៅការិយាល័យ អូវ៉ល អូហ្វីស (Oval Office) វិញហើយ។ លោក បៃដិន បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន សម្រាប់កូវីដ១៩ កាលពីយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីសប្តាហ៍មុន។ ប៉ុន្តែលោកបានទទួល ការចាក់វ៉ាក់សាំងដូសជំរុញ ដល់ទៅ២លើករួចហើយ ដោយលើកចុងក្រោយ គឺកាលពីខែមីនាកន្លង។ សម្រាប់កំលុងរយៈពេល៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក លោក បៃដិន បានបន្តបំពេញការងារតាមប្រព័ន្ធអនឡាញ៕