(តូក្យូ)៖ អនុប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ិហ៉ីកូ អ៉ីសូហ្សាគិ (Yoshihiko Isozaki) បានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុនប្រកាសថ្កោលទោស ចំពោះកម្មវិធីមីស៉ីលនុយក្លេអ៊ែរ និងមីស៉ីល របស់កូរ៉េខាងជើង ថាជារឿងមិនអាចទទួលយកបាន ដែលបង្កការគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់និងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោក យ៉ូស៉ិហ៉ីកូ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជុំវិញការអត្ថាធិប្បាយរបស់ លោក គីម ជុងអ៊ុន (Kim Jong-un) អំពីការត្រៀមខ្លួនរបស់កូរ៉េខាងជើង ក្នុងការប្រើកម្លាំងនុយក្លេអ៊ែរ យ៉ាងដូច្នេះថា «រដ្ឋាភិបាលជប៉ុនកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រមូលព័ត៌មាន និងធ្វើការវិភាគលើព័ត៌មានចាំបាច់មួយចំនួន រួមទាំងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់។ យើងក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងផងដែរ»

លោក បានសង្កត់ធ្ងន់ថា «កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីល របស់កូរ៉េខាងជើង កំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃប្រទេសរបស់យើង និងសហគមន៍អន្តរជាតិ ហើយវាពិតជាមិនអាចទទួលយកបានឡើយ»

គួរបញ្ជាក់ថា ក្នុងសុន្ទរកថាមួយនាឱកាស នៃការប្រារព្ធខួបលើកទី៦៩ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ ថ្ងៃទី២៧ ខែកក្កដា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២៕