(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ អាចនឹងបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ ដើម្បីការពារប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ប្រសិនបើលោកស្រី ពិតជាបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ តាមការគ្រោងទុកមែននោះ។ នេះបើតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តីអាមេរិកមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ AP ឲ្យដឹងថា «ផែនការត្រៀមទុកជាមុន» កំពុងត្រូវបានរៀបចំឡើងដោយយោធាអាមេរិក ដើម្បីការពារលោកស្រី ផេឡូស៊ី កំឡុងការហោះហើរ និងស្នាក់នៅក្នុងករណីដែលលោកស្រីបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ មន្រ្តីដដែលរូបនេះបន្ថែមទៀតថា ទោះបីជាយោធាអាមេរិកមានការបារម្ភតិចតួចបំផុតពីលទ្ធភាព ដែលចិនអាចនឹងវាយប្រហារលើយន្ដហោះដឹកលោកស្រី ផេឡូស៊ី ក៏ដោយ ក៏ពួកគេដឹងយ៉ាងច្បាស់ថា ការយល់ច្រឡំណាមួយអាចនឹងបង្កគ្រោះថ្នាក់ដល់លោកស្រី ផេឡូស៊ី។ ដូច្នេះមន្ទីរបញ្ចកោណកំពុងរៀបចំផែនការយោធា ដើម្បីទប់ស្កាត់រាល់គ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុណាមួយ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់លោក ផេឡូស៉ី មកកាន់កោះតៃវ៉ាន់ នឹងបង្កឱ្យមានប្រតិកម្មឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ចិន ហើយថាសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវលើ «ផលវិបាកគ្រប់យ៉ាង» ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី កើតឡើងមែននោះ។ លោកស្រី ផេឡូស៊ី ផ្ទាល់មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះបានបញ្ជាក់ថាវាពិតជាមានសារសំខាន់បំផុតសម្រាប់អាមេរិក ដែលត្រូវបង្ហាញការគាំទ្រដល់តៃវ៉ាន់៕