Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តួកគីអះអាងថា ស៊ុយអែតមិនទាន់ធ្វើបត្យាប័នជនសង្ស័យ តាមការព្រមព្រៀងគ្នានៅឡើយទេ (Video inside)

27-07-2022 17:15

(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) នៅថ្ងៃពុធនេះ បាននិយាយថា ភាគីស៊ុយអែត មិនទាន់បានធ្វើបន្យាប័នក្រុមជនសង្ស័យ ដែលតួកគីបានទាមទារ ពាក់ព័ន្ធនឹងការចោទប្រកាន់ភេរវកម្មនៅឡើយទេ បន្ទាប់ពីស៊ុយអែតផ្ទាល់ បានសន្យាថានឹងធ្វើយ៉ាងដូច្នោះ ដើម្បីដោះដូរឱ្យទីក្រុងអង់ការ៉ា ផ្តល់គាំទ្រដល់ខ្លួន ក្នុងការចូលជាសមាជិករបស់អង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

កន្លងទៅនេះ ស៊ុយអែតព្រមទាំងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិក NATO ជាការឆ្លើយតបចំពោះ ការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ យ៉ាងណាក្តី ពីដំបូងឡើយការស្នើសុំនេះ បានជួបសំឡេងជំទាស់ពីតួកគី ដែលបានចោទប្រកាន់លើប្រទេសទាំងពីរថា ពួកគេផ្តល់ការគាំទ្រចំពោះ ក្រុមដែលទីក្រុងអង់ការ៉ាចាត់ទុកជា ក្រុមភេរវករ។

ក្រោយមក ប្រទេសទាំងបី គឺស៊ុយអែត ហ្វាំងឡង់ និងតួកគី ក៏បានចុះកិច្ចព្រមព្រៀងមួយ កំលុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលត្រូវបានរៀបចំឡើង នៅទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ កាលពីខែមិថុនា ដើម្បីលុបចោលការវេតូរបស់តួកគីវិញ ជាថ្នូនឹង ការសន្យាធ្វើបត្យាប័នក្រុមជនសង្ស័យ ក៏ដូចជាការដកបម្រាមនាំចេញអាវុធ ដោយស៊ុយអែតនិងហ្វាំងឡង់ មកកាន់តួកគី។

គួរបញ្ជាក់ថា ប្រទេសទាំងឡាយណា ដែលអាចចូលជាសមាជិក NATO បាន គឺលុះត្រាតែពាក្យស្នើសុំរបស់ពួកគេ ត្រូវបានអនុម័ត ដោយប្រទេសទាំង៣០ ដែលជាសមាជិកបច្ចុប្បន្នរបស់ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ហើយត្រូវបានផ្តល់សច្ចាប័នដោយសភាជាតិនីមួយៗ នៃប្រទេសទាំងនោះ៕