(ម៉ានីល)៖ មន្រ្តីហ្វីលីពីនមួយរូបបានឲ្យដឹងថា ហ្វីលីពីនបានសម្រេចលុបចោលកិច្ចព្រមព្រៀង ទិញឧទ្ធម្ភាគចក្រយោធា ចំនួន១៦គ្រឿង ពីរុស្ស៉ី ដោយសារតែការភ័យខ្លាចទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តីហ្វីលីពីនខាងលើគឺ លោក ដេហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ផងដែរនោះ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កិច្ចព្រមព្រៀងដែលមានតម្លៃ ២២៧លានដុល្លារ ដើម្បីទទួលបានឧទ្ធម្ភាចក្រ Mi-17 របស់រុស្ស៉ី ត្រូវបានលុបចោល។ លោក ឡូរិនហ្សាណា បានគូសបញ្ជាក់ថា «យើងអាចប្រឈមនឹងការដាក់ទណ្ឌកម្ម»។ បើតាមលោក ឡូរិនហ្សាណា មន្រ្តីសន្តិសុខសហរដ្ឋអាមេរិក ក៏បានឲ្យដឹងពីការសម្រេចនេះដែរ ហើយអាចនឹងផ្តល់ ឧទ្ធម្ភាគចក្រធុនធ្ងន់ស្រដៀងគ្នានេះ មកឲ្យហ្វីលីពីនថែមទៀតផង។ យ៉ាងនេះក្តី ជុំវិញការលើកឡើងនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ពីរដ្ឋាភិបាលហ្វីលីពីននៅឡើយទេ។

គួរបញ្ជាក់ថា ការសម្រេចចិត្តទិញឧទ្ធម្ភាគចក្រខាងលើនេះ ត្រូវបានអនុម័តកាលពីខែមុន ដោយអតីតប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) មុនពេលអាណត្តិរបស់លោកត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕