Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរបញ្ចកោណ អនុម័តផែនការព្យាបាលទាហានអ៊ុយក្រែន នៅឯមន្ទីរពេទ្យយោធាអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ (Video inside)

27-07-2022 10:30

(វ៉ាស៉ីនតោន)៖ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មន្ទីរបញ្ចកោណបានអនុម័តជាផ្លូវការ កាលពីចុងខែមិថុនាកន្លងទៅ នូវផែនការមួយដើម្បីជួយព្យាបាលទាហានអ៊ុយក្រែន ដែលរងរបួសនៅឯមន្ទីរពេទ្យយោធាអាមេរិក ក្នុងប្រទេស អាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកខាងលើដដែល បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះគ្មានទាហានអ៊ុយក្រែនណាម្នាក់ ត្រូវបានព្យាបាលទេ ហើយកងទ័ពអាមេរិកក៏នឹងមិនចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីនាំយកទាហានអ៊ុយក្រែនទៅកាន់មន្ទីរពេទ្យយោធា របស់ខ្លួននៅអាល្លឺម៉ង់នោះដែរ។

ម្យ៉ាងវិញទៀត វាមិនច្បាស់ទេថាតើមានទាហានអ៊ុយក្រែនប៉ុន្មាននាក់ ដែលបានរងរបួស ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់ត្រូវបានជឿជាក់ថាបានស្លាប់ និងរាប់លាននាក់ផ្សេងទៀត បានភៀសខ្លួនចេញពីប្រទេស ខណៈការវាយប្រហារដោយប្រើកាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់រុស្សី បានធ្វើឱ្យទីក្រុងនានាត្រូវបានបំផ្លាញ។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីអាមេរិកខាងលើ ទាហានអ៊ុយក្រែនអាចនឹងត្រូវបានព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ ឡានស្ទូល (Landstuhl) ស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ប្រសិនបើចាំបាច់។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសអាមេរិក រ៉ាំស្តែន (Ramstein) ស្ថិតនៅភាគនិរតីនៃទីក្រុង ហ្វ្រាំងហ្វឺត (Frankfurt) មានមន្ទីរពេទ្យយោធា ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅខាងក្រៅទ្វីបអាមេរិក។ សហរដ្ឋអាមេរិក ក៏បានជួយបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន នៅអាល្លឺម៉ង់ រួចមកហើយដែរ ហើយបានផ្តល់ជំនួយយោធាជាង ៨ពាន់លានដុល្លារ ដល់រដ្ឋាភិបាលទីក្រុងកៀវ៕