(មូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្រោយឆ្នាំ២០២៤ ដោយផ្តោតលើការកសាងស្ថានីយផ្ទាល់ខ្លួន ចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចជុំវិញការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Wasington Post នៅថ្ងៃអង្គារ ទី២៦ ខែកក្ដដា ឆ្នាំ២០២២។

ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ដែលទើបតែងតាំងថ្មី លោក Yuri Borisov បានប្រកាសពីការសម្រេចចិត្តបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះ ដោយនិយាយថា ទីភ្នាក់ងារនឹងផ្តោតលើការសាងសង់ស្ថានីយគន្លងគោចរផ្ទាល់ខ្លួនជំនួសវិញ។

ទីភ្នាក់ងារអវកាសអាមេរិក NASA និងដៃគូអន្តរជាតិផ្សេងទៀតសង្ឃឹមថា នឹងបន្តដំណើរការស្ថានីយអវកាសរហូតដល់ឆ្នាំ២០៣០ ខណៈដែលរុស្ស៊ីមានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តលើសពីឆ្នា២០២៤។

គួរបញ្ជាក់ថា ស្ថានីយ អវកាសអន្តរជាតិនេះ ត្រូវបានគ្រប់គ្រងរួមដោយទីភ្នាក់ងារអវកាសរបស់រុស្ស៊ីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកាណាដា។ បំណែកដំបូងត្រូវបានបាញ់បង្ហោះចូលក្នុងគន្លងតារាវិថីក្នុងឆ្នាំ១៩៩៨ ហើយស្ថានីយនេះត្រូវបានរស់នៅជាបន្តបន្ទាប់អស់រយៈពេលជិត២២ឆ្នាំមកហើយ។ វា ត្រូវ បានប្រើដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងទំនាញសូន្យ និងសាកល្បងឧបករណ៍ សម្រាប់ការធ្វើដំណើរក្នុងលំហ នាពេលអនាគត៕