(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃអង្គារនេះនៅទីក្រុងប៉េកាំង ក្នុងអំឡុងជើងទីមួយនៃដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ របស់លោកទៅកាន់អាស៊ីឦសាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

លោក Widodo គឺជាមេដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈ ខណៈដែលប្រទេសនេះប្រកាន់យកគោលនយោបាយ «សូន្យកូវីដ១៩» ដ៏តឹងរ៉ឹងចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីមកពីក្រៅប្រទេស។

ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងតាមការអញ្ជើញរបស់លោកស៊ី ជិនពីង។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo បានសម្តែងក្តីសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

លោក Jokowi បាននិយាយថា «ចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី។ យើងត្រូវតែបំពេញភាពជាដៃគូនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ សម្រាប់ប្រទេសរបស់យើង ហើយក្នុងពេលតែមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល»

ទន្ទឹមនឹងនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា លោក Widodo គឺជាប្រមុខរដ្ឋដំបូងគេដែលភាគីចិនបានទទួលបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់ថា «នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា តើទំនាក់ទំនងរវាងភាគីទាំងពីរមានភាពស្និទ្ធស្នាលប៉ុណ្ណា»