(បែរឡាំង)៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ ឡូហ្វថានសា (Lufthansa) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមហ៊ុនត្រូវបានបង្ខំឱ្យសម្រេចចិត្ត លុបចោលសឹងតែទាំងស្រុង នៃកម្មវិធីជើងហោះហើរសម្រាប់ថ្ងៃពុធសប្តាហ៍នេះ នៅតាមអាកាសយានដ្ឋានធំៗ ក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Market Watch នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។
អាកាសចរណ៍ Lufthansa បាននិយាយថា ខ្លួននឹងលុបចោលស្ទើរទាំងអស់តែម្តង នៃជើងហោះហើរសម្រាប់ថ្ងៃពុធសប្តាហ៍នេះ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុងហ្វ្រែងហ៊្វត (Frankfurt) និងទីក្រុងមូនិច (Munich)។ ជើងហោះហើរសរុបចំនួន ៦៧៨ជើង នឹងត្រូវលុបចោលនៅ Frankfurt ខណៈ៣៤៥ជើង នៅ Munich។ អ្នកដំណើររហូតដល់ប្រហែល ១៣៤,០០០នាក់ ទំនងជានឹងត្រូវរងការប៉ះពាល់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហជីពអាកាសចរណ៍ វឺឌៀ (Verdia) បានអំពាវនាវឱ្យបុគ្គលិករបស់ក្រុមហ៊ុន Lufthansa ទាំងអស់ ចូលរួមធ្វើកូដកម្មដើម្បីជាការព្រមាន ខណៈដែលដំណើរការចរចាប្រាក់ឈ្នួល កំពុងតែប្រព្រឹត្តទៅ។ បើតាមអាកាសចរណ៍ Lufthansa ការធ្វើកូដកម្មនេះ ក៏អាចនឹងបង្កឱ្យមានការលុបចោល ឬការពន្យារពេល សម្រាប់ជើងហោះហើរ នៅថ្ងៃដទៃទៀត ក្នុងសប្តាហ៍នេះផងដែរ៕