(ណៃពិដោ)៖ យោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានចេញមុខការពារការកាត់ទោសប្រហារជីវិត សកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់របស់ខ្លួន ថាជារឿងស្របច្បាប់ និងអនុវត្តក្នុងនាមយុត្តិធម៌សម្រាប់ប្រជាជន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។
អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក ហ្ស មីនទួន (Zaw Min Tun) បាននិយាយថា ការប្រហារជីវិតខាងលើ មិនមែនជារឿងផ្ទាល់ខ្លួនទេ ប៉ុន្តែវាបានធ្វើឡើងក្រោមច្បាប់ ហើយបុរសទាំង ៤នាក់នោះ ទទួលបានឱកាសដើម្បីការពារក្តី ដោយត្រឹមត្រូវ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា រដ្ឋាភិបាលយោធាក៏បានដឹងរួចទៅហើយថា ការកាត់ទោសប្រហារជីវិត ជាលើកដំបូង ក្នុងរយៈជាច្រើនទសវត្សរ៍មកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងនាំឲ្យមានការរិះគន់ជាអន្តរជាតិ។
គួរបញ្ជាក់ថា ជុំវិញការកាត់ទោសប្រហារជីវិតលើ សកម្មជនប្រជាធិបតេយ្យ៤នាក់ ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ក្រោមបទចោទប្រកាន់ថាអំពីសកម្មភាពភេរវកម្ម បាននាំឱ្យអន្តរជាតិសំដែងការថ្កោលទោសយ៉ាងខ្លាំង។ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏បានឱ្យដឹងថាខ្លួនកំពុងពិចារណា ចាត់វិធានការឆ្លើយតបបន្ថែម ចំពោះចំណាត់ការរបស់មីយ៉ាន់ម៉ា៕