(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញក្រឹត្យមួយ ដើម្បីតែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) របស់យោធាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Global Times នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងក្រឹត្យរបស់លោក ហ្សេលេនស្គី ដែលចេញផ្សាយលើវែបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក វីគទ័រ ខូរេនកូ (Viktor Khorenko) ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីរបស់ SOF ដើម្បីជំនួស លោក រីហូរី ហាឡាហាន (Hryhorii Halahan) ដែលត្រូវបានលោក ហ្សេលេនស្គី ដកចេញពីតំណែង ក្នុងថ្ងៃជាមួយគ្នា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៊ុយក្រែន ទើបតែបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ និងអគ្គរដ្ឋអាជ្ញា ចេញពីតំណែង ក្រោមហេតុផលថា ពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជនក្បត់ នៅក្នុងស្ថាប័នរបស់ខ្លួន៕