(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ យោធាអ៊ុយក្រែនបានប្រកាសថា អ៊ុយក្រែនទទួលបាន ប្រព័ន្ធរថពាសដែកការពារដែនអាកាស រយៈចម្ងាយខ្លី Stormer HVM ចំនួន ៦គ្រឿងដំបូងពីចក្រភពអង់គ្លេស ហើយពួកវាកំពុងស្ថិតក្រោមការដាក់ពង្រាយប្រើប្រាស់ នៅសមរភូមិជួរមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

យោធាអ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសខាងលើរបស់អង់គ្លេស មានសមត្ថភាពមើលឃើញយន្តហោះសត្រូវ បានដល់ចម្ងាយ ១៨គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ Stormer HVM ក៏ត្រូវបានចាត់ទុកជា ប្រព័ន្ធការពារដែនអាកាសបំបាំងកាយ ថែមទៀតផង ដោយសារពួកវាមិនងាយនឹងឱ្យប្រព័ន្ធសេនស័រ (sensor) នៅលើយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រសត្រូវ ងាយចាប់សញ្ញាបានឡើយ។

គួរបញ្ជាក់ថា ក្នុងថ្ងៃចន្ទដដែលនោះ ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានប្រកាសពីការទៅដល់ នៃប្រព័ន្ធរថក្រោះប្រឆាំងយន្តហោះចម្បាំង Gepard ចំនួន៣គ្រឿងដំបូង ដែលទទួលបានអាល្លឺម៉ង់ ផងដែរ៕