(វ៉ាស៉ីនតោន)៖ សេតវិមានបានបន្តបដិសេធបង្ហើបឱ្យដឹង អំពីប្រធានបទ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានគ្រោងនឹងលើកយកមកពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping) កំលុងជំនួបតាមទូរស័ព្ទ ដែលនឹងធ្វើឡើង នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនបញ្ជាក់អំពីរបៀបវារៈ នៃអ្វីដែលនឹងត្រូវពិភាក្សា កំលុងជំនួបតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរឡើយ»។ លោកស្រី បានបន្ថែមថា «យើងបានរក្សាទំនាក់ទំនងបើកចំហជាមួយប្រទេសចិន ក្នុងកម្រិតមន្រ្តី និងមន្រ្តី ហើយលោកប្រធានាធិបតី បៃដិន ក៏បាននិយាយជាមួយ លោកប្រធានាធិបតី ស៉ី កាលពីខែមីនា កន្លងទៅដែរ។ ខ្ញុំនឹងមិនធ្វើការប្រកាស ឬ ការអត្ថាធិប្បាយណាមួយ មុនលោកប្រធានាធិបតី បៃដិន នោះទេ ជុំវិញកិច្ចសន្ទនាគ្នានេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មេដឹកនាំសហរដ្ឋអាមេរិក-ចិន ធ្លាប់បានជួបគ្នាតាមអនឡាញម្តង ហើយក្រោយមក នៅថ្ងៃទី១៨ ខែមីនា អ្នកទាំងពីរ បានជួបពិភាក្សាគ្នាម្តងទៀតតាមទូរស័ព្ទ។ ដោយឡែក កាលពីសប្តាហ៍មុន លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា លោកមានគម្រោងជួបពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំចិន កំលុងសប្តាហ៍ក្រោយ៕