(ប៉េកាំង)៖ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបង្ហាញយ៉ាងពេញលេញពីកម្លាំងរស់រវើកប្រទេសចិននិងអាស៊ានមានទឹកដីតភ្ជាប់ជាមួយគ្នា ហើយដួងចិត្តប្រជាជនក៏បានតភ្ជាប់គ្នាផងដែរ ជានិច្ចកាល ចិននិងអាស៊ានតែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អដែលរួមសុខរួមទុក្ខរួមវាសនា។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ក្រោមការណែនាំនិងជំរុញជាយុទ្ធសាស្ត្ររបស់អ្នកដឹកនាំ នៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ទំនាក់ទំនងរវាងចិននិងអាស៊ាន បានឈានចូលគន្លងល្បឿនលឿន។
ប្រទេសអាស៊ានបានថ្លែងជាច្រើនលើកហើយថា ក្នុងទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាន និងបណ្តាប្រទេសនានា ទំនាក់ទំនងរវាងចិន និងអាស៊ានមានកម្លាំងរស់រវើកជាងគេ និងទទួលបានសមិទ្ធផលច្រើនជាងគេ។ ប្រទេសចិន បានបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានមុនគេ បានចុះហត្ថលេខាលើ «សនិ្ធសញ្ញា ស្តីពីកិច្ចសហប្រតិបតិ្តការ ដោយមេត្រីភាពរបស់អាស៊ីអាគ្នេយ៍» មុនគេ បានធ្វើការពិគ្រោះពិភាក្សាអំពីការបង្កើត តំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ានមុនគេ បានបញ្ជាក់យ៉ាងច្បាស់លាស់ថានឹង គាំទ្រតួនាទីជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់មុនគេ ហើយក៏ជាប្រទេស ដែលបានប្រកាសជាសាធារណៈមុនគេថា រីករាយចុះហត្ថលេខាលើពិធីសារនៃ «អនុសញ្ញាគ្មានអាវុធនុយក្លេអ៊ែរ នៃអាស៊ីអាគ្នេយ៍»ផងដែរ។
ព្រមពេលជាមួយគ្នានេះ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ក៏មានភាពរស់រវើកណាស់ផងដែរ កិច្ចសហប្រតិបតិ្តការជាក់ស្តែង ត្រូវបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់។ ចិននិងអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេ រវាងគ្នានិងគ្នា បើប្រៀបធៀបនឹង៣០ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១០០ដង ក្រៅពីនេះ ការបណ្តាក់ទុនដោយផ្ទាល់ របស់ភាគីទាំងពីរបានលើសពី ៣១០០០០លានដុល្លារអាមេរិក។ ផ្លូវដែកពីចិនដល់ប្រទេសឡាវ បានដាក់ឱ្យប្រើប្រាស់ដោយរលូន គម្រោងរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» មួយចំនួន ដូចជាគម្រោងផ្លូវដែកពីក្រុងហ្សាការតាដល់ក្រុង Bandung ផ្លូវដែកពីប្រទេសចិនដល់ថៃ គម្រោងសាងសង់សួនឧស្សាហកម្មរវាងចិននិងម៉ាឡេស៊ី ក៏ដូចជាចិននិងឥណ្ឌូនេស៊ីជាដើម បានដំណើរការដោយរលូន។
ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការបណ្តាក់ទុនដោយផ្ទាល់មិនមែនលើ វិស័យហិរញ្ញវត្ថុរបស់សហគ្រាសចិន នៅប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានកើនឡើង៩,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ក្នុងនោះប្រទេសដែលស្ថិតនៅលេខរៀង ១០ខាងមុខ មានប្រទេសចំនួន៧ ជាប្រទេសអាស៊ាន គឺសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ កម្ពុជានិងឡាវ។
ទិន្នន័យដែលអគ្គរដ្ឋបាលគយចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដាបានបង្ហាញថា នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញនាំចូលរវាងចិននិងដៃគូពាណិជ្ជកម្មសំខាន់ៗ សុទ្ធតែរក្សានិន្នាការកើនឡើង។ រីឯការនាំចេញនាំចូលរវាងចិន និងអាស៊ានបានកើនឡើង១០,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំនាំចេញពីប្រទេសចិន ទៅកាន់អាស៊ានបានឡើងដល់ ២៦៣២៤០លានដុល្លារអាមេរិក កើនជាង១៦,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯទំហំនាំចូលរបស់ប្រទេសចិនពីអាស៊ាន បានឡើងដល់១៩៥៣១០លានដុល្លារអាមេរិក កើនជាង៥,៣ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន។ អាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិនជាបន្តទៀត ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ានស្មើនឹង១៤,៩ភាគរយ នៃទំហំពាណិជ្ជកម្មសរុបជាមួយបរទេសរបស់ប្រទេសចិន។
ពីដៃគូពិគ្រោះពិភាក្សានិងដៃគូសន្ទនាដោយគ្រប់ជ្រុងជ្រោយ ដល់ការបង្កើត «ទំនាក់ទំនងភាពជាដៃគូសុខដុមរមនា និងមានទំនុកចិត្តរវាងគ្នានិងគ្នា ដែលឆ្ពោះទៅរកសតវត្សរ៍ទី២១» រហូតដល់ការបង្កើត «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅរកសន្តិភាពនិងភាពរុងរឿង»។ ប្រទេសចិននិងអាស៊ាន មានការតភ្ជាប់គ្នានិងស៊ីសង្វាក់គ្នា ទាំងផ្នែកនយោបាយនិងពាណិជ្ជកម្ម ភាគីទាំងពីរបានបំពេញបន្ថែមគ្នាយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មានឧត្តមភាពភូមិសាស្ត្រ និងការតភ្ជាប់គ្នាសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ ប្រការទាំងនេះធ្វើឱ្យកិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានក្នុងឆ្នាំនេះ នឹងបន្តបញ្ចេញភាពរស់រវើកជាបន្តបន្ទាប់។
ដើម្បីធ្វើឱ្យប្រជាជនចំនួនជាង២ពាន់លាននាក់ នៃប្រទេសចំនួន១១ មានជីវភាពរស់នៅកាន់តែល្អប្រសើរ ចិននិងអាស៊ានបានចាប់ដៃគ្នា ស្វែងរកផ្លូវដ៏ភ្លឺស្វាងមួយដែលប្រកបដោយ សុខសុភមង្គលនិងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ប្រឈមនឹងអនាគត ចិននិងបណ្តាប្រទេសអាស៊ានរីករាយ ធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យមាន ភាពកាន់តែស៊ីជម្រៅ ក៏ដូចជារ៉ាប់រងបេសកកម្មយុគសម័យពោលគឺ គាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍ ដើម្បីរួមគ្នាកសាងមហាគ្រួសារ ដែលមានវិបុលភាព និងភាពស្រស់ស្អាតថែមមួយកម្រិតទៀត !
វិទ្យុមិត្តភាពកម្ពុជាចិន