(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះបានអះអាងថា រថក្រោះ Gepard ព្រមទាំងគ្រាប់រំសេវរាប់ពាន់គ្រាប់របស់អាល្លឺម៉ង់ បានបញ្ជូន មកដល់ទីក្រុងកៀវ ជាលើកដំបូង ដែលជាផ្នែកមួយនៃការសន្យារបស់ទីក្រុងបែរឡាំង។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រ៉េសនីកូវ (Aleksey Reznikov) បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «យើងកំពុងរង់ចាំជំនួយ រថក្រោះ Gepard ចំនួន១៥គ្រឿងដំបូងពីអាល្លឺម៉ង់។ ហើយនៅពេលនេះ Gepard ចំនួន៣គ្រឿងបានមកដល់ទីក្រុងកៀវ។ រថក្រោះទាំងនេះបានទៅដល់ ដៃកម្លាំង ប្រដាប់អាវុធរបស់យើងរួចហើយ។ ទាំងនេះគឺជាប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង»។
គួរបញ្ជាក់ថា កន្លងមក អាល្លឺម៉ង់បានសន្យាថានឹងបញ្ជូនរថក្រោះប្រឆាំងយន្ដហោះចម្បាំង Gepard យ៉ាងហោចណាស់ចំនួន ៣០គ្រឿង ទៅកាន់អ៊ុយក្រែន។ ការដឹកជញ្ជូនលើកដំបូងនៃរថក្រោះចំនួន ១៥គ្រឿង ត្រូវបានគេរំពឹងថានឹងមកដល់មុនដំណាច់ខែនេះ ខណៈ១៥គ្រឿងទៀត នឹងដឹកជញ្ជូននៅខែសីហា ខាងមុខនេះ៕