(ប៉េកាំង)៖ កងទ័ពរំដោះប្រជាជនចិន PLA បានបញ្ជូនកងទ័ព និងរថក្រោះទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធា International Army Games របស់ទីក្រុងមូស្គូ នៅខែសីហាខាងមុខ ជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV សារព័ត៌មាន South China Morning Post បានឱ្យដឹងទៀតថារថភ្លើងមួយគ្រឿងដែលមានដឹកកងទ័ព រថក្រោះ និងរថពាសដែកជាច្រើនគ្រឿងរបស់ចិន កាលពីពេលថ្មីៗនេះបានធ្វើដំណើរចាកចេញពីតំបន់ម៉ាន់ជូលី (Manzhouli) នៃតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ស្ថិតភាគខាងជើងប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុង ហ្សាបៃកាល់ស្កិ៍ (Zabaikalsk) ស្ថិតតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី។

CCTV មិនបានបញ្ជាក់អ្វីបន្ថែមនោះទេ។ ប៉ុន្តែ ក្រុមប្រតិភូកងទ័ពចិន ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំរបស់រុស្ស៉ី ជាមួយសមភាគីមកពី៣៧ប្រទេស និងតំបន់ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខ នៅទូទាំងប្រទេសចំនួន១២ ក្នុងនោះរួមមានរុស្ស៉ី អ៉ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន អាហ្សែរបៃហ្សង់ និងអាមេនីជាដើម៕