(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអះអាងថាខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៉ីល HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញ ឃ្លាំងរំសេវរបស់រុស្ស៊ីចំនួន៥០ទីតាំង ចាប់តាំងពីទទួលបានអាវុធប្រភេទនេះកាលពីខែមុនមក ខណៈរុស្ស៊ីក៏អះអាងដែរថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញ ប្រព័ន្ធអាវុធមួយនេះ នៅក្នុងតំបន់ក្មែលនីស្គី (Khmelnytskyi) របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

ទីក្រុងមូស្គូ ធ្លាប់បានអះអាងថាខ្លួនបានបំផ្លាញប្រព័ន្ធបាញ់មីស៉ីល HIMARS ជាច្រើនគ្រឿង ដែលផ្គត់ផ្គង់លោកខាងលិចបញ្ជូនទៅឱ្យអ៊ុយក្រែន ខណៈ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន បានបដិសេធការលើកឡើងនេះ។ ប៉ុន្តែ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេស៉ី រ៉េសនីកូវ (Oleksiy Reznikov) បានគូសបញ្ជាក់ពីឥទ្ធិពលប្រព័ន្ធមីស៊ីល HIMARS សម្រាប់ឆ្លើយតបចំពោះការវាយលុករបស់រុស្ស៊ី។ លោកបានអត្ថាធិប្បាយ យ៉ាងដូច្នេះថា «អាវុធប្រភេទនេះបានជួយរារាំងការវាយប្រហាររបស់រុស្ស៉ី និងបន្ថយសមត្ថភាពពួកគេក្នុងការប្រយុទ្ធយ៉ាងសកម្ម ដែលគ្របដណ្តប់មកលើ កងកម្លាំងប្រដាប់អាវុធរបស់យើង ជាមួយនឹងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា បើតាមលោក រ៉េសនីកូវ មេបញ្ជាការកាំភ្លើងធំអ៊ុយក្រែនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ ទៅលើស្ពានជាច្រើនកន្លែង។ ទោះជាលោកមិន បានផ្តល់ព័ត៌មានលម្អិត ប៉ុន្តែទំនងជាសំដៅទៅលើស្ពានឆ្លងកាត់ទន្លេចំនួន៣ នៅក្នុងតំបន់ ខឺសុន (Kherson)។ យ៉ាងនេះក្តី សុន្ទរកថារបស់លោក រ៉េសនីកូវ មិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ខណៈរុស្ស៊ីក៏មិនបានធ្វើអត្ថាធិប្បាយចំពោះលើការអះអាងនេះ៕