(វ៉ាស៉ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងថ្លឹងថ្លែងថាតើត្រូវប្រកាសចាត់ទុកការផ្ទុះរាលដាលនៃជំងឺអុតស្វា (monkeypox) ក្នុងសហរដ្ឋអាមេរិក ជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែរ ឬក៏យ៉ាងណា។ នេះបើយោងតាមការដកស្រង់ផ្សាយដោយកាសែត Washington Post នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក Washington Post បានឱ្យដឹងទៀតថា រដ្ឋបាលលោក បៃដិន ក៏មានផែនការតែងតាំង អ្នកសម្របសម្រួលប្រចាំសេតវិមានម្នាក់ ដើម្បីត្រួតពិនិត្យលើការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺអុតស្វាផងដែរ។

ព័ត៌មានខាងលើកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ដោយប្រកាសចាត់ទុក ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសកល។ តែទោះជាយ៉ាងនេះក្តី សេតវិមាននៅមិនទាន់មានការបញ្ជាក់ជុំវិញព័ត៌មានខាងលើនេះទេ។

គួរបញ្ជាក់ថា ជំងឺអុតស្វាចំនួន ២ករណី ដែលមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅលើស្បែក ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ក្នុងចំណោមកុមារជាលើកដំបូងកាលពីសប្តាហ៍មុន។ រហូតមកដល់ពេលនេះ ប្រទេសចំនួន ៧០ នៅទូទាំងពិភពលោក ដែលមិនធ្លាប់មាននូវការឆ្លងជំងឺអុតស្វានេះ ក៏បានរាយការណ៍ពីការផ្ទុះឡើងនៃមេរោគប្រភេទនេះដែរ ដោយមានករណីឆ្លងសរុបចំនួន ១៦,៦០០ករណី៕