(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បាននិយាយនៅថ្ងៃចន្ទនេះថា ការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ចំនួន៤នាក់ ដោយរបបយោធាមីយ៉ាន់ម៉ា នឹងធ្វើឲ្យប្រទេសអាស៊ានមួយនេះ កាន់តែឯកោបន្ថែមទៀត ក្នុងសហគមន៍អន្តរជាតិ ហើយវាជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហាយ៉ាស៉ិ បានបន្ថែមថា ចំណាត់ការនេះនឹងធ្វើឲ្យមនោសញ្ចេតនាជាតិ កាន់តែមុតស្រួច ហើយធ្វើឲ្យជម្លោះកាន់តែស៉ីជម្រៅ។ លោកប្រមុខការទូតជប៉ុន បានបន្តថា ទង្វើនោះបានប្រឆាំងនឹងការជំរុញម្តងហើយម្តងទៀត របស់ជប៉ុន ក្នុងការដោះស្រាយស្ថានការណ៍ នៅប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធី ព្រមទាំងការទាមទារបស់ខ្លួន ដើម្បីឲ្យមានការដោះលែង អ្នកដែលជាប់ឃុំឃាំង។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ថា អាជ្ញាធរបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលនេះបានក្លាយជា ការកាត់ទោសប្រហារជីវិតដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតខាងលើ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរ និងជាអតីតសមាជិកសភា រួមទាំងតារា hip-hop ម្នាក់ផងដែរ៕