(តូក្យូ)៖ ភ្នំភ្លើងមួយនៅកោះ គ្យូស៊ូ (Kyushu) នៃប្រទេសជប៉ុន បានផ្ទុះបញ្ចេញផ្សែងខ្មៅនិងផេះ ឡើងខ្ពស់ទៅលើផ្ទៃអាកាស កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពី ការខូចខាតឬមួយក៏មនុស្សរងគ្រោះថ្នាក់ ហើយអាជ្ញាធរក៏មិនរំពឹងថា វានឹងបញ្ចេញសកម្មភាពអ្វី ខ្លាំងជាងនេះទៀតដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានឱ្យដឹងថា នៅពេលភ្នំភ្លើង ដែលមានឈ្មោះថា សាគូរ៉ាជីម៉ា (Sakurajima) និងស្ថិតនៅចុងភាគខាងត្បូង នៃកោះ គ្យូស៊ូ ក្បែរទីក្រុង កាហ្កោស៉ីម៉ា (Kagoshima) បានផ្ទុះឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃអាទិត្យ កម្ទេចកម្ទីដុំថ្មរបស់ភ្នំភ្លើង បានធ្លាក់ស្រោចទៅលើ បរិវេណស្ថិតនៅចម្ងាយ២.៥ គីឡូម៉ែត្រជុំវិញនោះ ខណៈប្រជាជនរស់នៅតំបន់មួយចំនួន ត្រូវបានណែនាំឱ្យជម្លៀសខ្លួន។
យោងតាមអាជ្ញាធរជប៉ុន គឺមកទល់ថ្ងៃចន្ទនេះ មិនឃើញមានសេចក្តីរាយការណ៍ អំពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ ដោយសារហេតុការណ៍បន្ទុះភ្នំភ្លើងខាងលើឡើយ។ រីឯទីភ្នាក់ងារ JMA បានឱ្យដឹងថា ពួកគេមិនរំពឹងថា នឹងមានសកម្មភាពផ្ទុះខ្លាំងជាងនេះទៀត ដោយភ្នំភ្លើងខាងលើនោះទេ ប៉ុន្តែពួកគេនឹងបន្តតាមដានស្ថានការណ៍។
គួរបញ្ជាក់ថា សាគូរ៉ាជីម៉ា ស្ថិតក្នុងចំណោមក្រុមភ្នំភ្លើងសកម្មបំផុត របស់ប្រទេសជប៉ុន ខណៈបន្ទុះរបស់វាក្នុងកម្រិតខុសៗគ្នា តែងតែបានកើតឡើងជាប្រចាំ។ កាលពីឆ្នាំ២០១៩ ឯណោះវិញ ភ្នំភ្លើងនេះធ្លាប់បានផ្ទុះជះផេះនិងផ្សែង ឡើងលើផ្ទៃអាកាសដល់កម្ពស់ ៥.៥គីឡូម៉ែត្រ៕