(មូស្គូ)៖ ប្រធានគណៈកម្មាធិការស៉ើបអង្កេតរបស់រុស្ស៉ី លោក អាឡិចហ្សាន់ដឺ បាស់ទ្រីគីន (Alexander Bastrykin) បាននិយាយថា ទីក្រុងមូស្គូ បានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
លោក បាស់ទ្រីគីន បានប្រាប់គេហទំព័រសារព័ត៌មាននៅក្នុងស្រុកឲ្យដឹងថា ការស៉ើបអង្កេតពីបទឧក្រិដ្ឋចំនួន ១,៣០០ករណី ត្រូវបានធ្វើឡើង ហើយ លោកក៏បានស្នើឲ្យបង្កើតសាលាក្តីអន្តរជាតិមួយ ដែលមានការគាំទ្រពីប្រទេសនានាដូចជា បូលីវី, អ៉ីរ៉ង់ និងស៉ីរីផងដែរ។ លោកបន្ថែមទៀតថាមនុស្ស ចំនួន ៩៦នាក់ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន៥១នាក់ ក៏កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនផងដែរ ដោយ ចោទថាពួកគេមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព និងសន្តិសុខមនុស្សជាតិ។
គួរបញ្ជាក់ថា អ៊ុយក្រែន ក៏កំពុងធ្វើការស៉ើបអង្កេតដោយខ្លួនឯងដែរពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តឡើងដោយទាហានរុស្ស៉ី ដោយនៅក្នុងខែកក្កដា នេះ ទីក្រុងកៀវ បានប្រកាសថាមានបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាង ២១,០០០ករណី ត្រូវបានចោទប្រកាន់លើទាហានរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ៕