(ព័រអូប្រាំង)៖ មនុស្សចំនួន ១៧នាក់បានស្លាប់ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ហៃទី រាប់សិបអ្នកបានក្រឡាប់លិចនៅឯតំបន់ឆ្នេរ នៃប្រទេស បាហាម៉ាស់ (Bahamas) ខណៈពួកគេព្យាយាមភៀសខ្លួនចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា និងភាពក្រីក្រ។ នេះ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
នាយរករដ្ឋមន្រ្តីនៃប្រទេសដែនកោះបាហាម៉ាស់ លោក ហ្វីលីព ដាវីស (Philip Davis) បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះថា ក្រុមជួយសង្រ្គោះបានស្រង់សាកសពមនុស្សចំនួន១៧នាក់ ដែលក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ ហើយមនុស្សចំនួន ២៥នាក់ ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ក្នុងនោះមាន ៤នាក់ជាស្រ្តី។
លោក ដាវីស បន្ថែមថា អាជ្ញាធរជឿជាក់ថាពួកគេស្ថិតលើទូកល្បឿនលឿន ឆ្ពោះទៅកាន់ឆ្នេរសមុទ្រនៃទីក្រុង ម៉ាយអាមី (Miami) របស់ សហរដ្ឋអាមេរិក ហើយបានក្រឡាប់លិចក្នុងទឹកដែលមានជម្រៅជ្រៅ។ បើតាមស្នងការប៉ូលិស, មនុស្សប្រមាណជា ៦០នាក់ បានជិះទូកខាងលើនេះ ហើយទំនងជានៅមានមនុស្សច្រើនទៀតបាត់ខ្លួន។
គួរបញ្ជាក់ថា ដែនកោះ Bahamas គឺជាច្រកផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ហៃទី ដែលស្វែងរកការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ហើយ ចាប់តាំងពីឆ្នាំមុន សន្ទុះនៃការធ្វើដំណើរទាំងប្រថុយប្រថាន ដោយប្រើកប៉ាល់ខូច បានកើនឡើង ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខ កាន់តែអាក្រក់ នៅក្នុងប្រទេសហៃទី៕