(គែរ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នឹងបំពេញដំណើរទស្សនកិច្ចមួយជុំតំបន់អាហ្វ្រិក ដោយចាប់ផ្ដើមមុនគេនៅប្រទេស អេហ្ស៉ីប នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈទីក្រុងមូស្គូ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ លោកខាងលិច ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងប្រទេសអេហ្ស៉ីប លោក ឡាវរ៉ូវ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ ក្នុងទីក្រុងគែរ ហើយបន្ទាប់ពីជំនួបនេះ លោកនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី អ៊ូហ្កាង់ដា ព្រមទាំងសាធារណរដ្ឋកុងហ្គោ ដែលសុទ្ធសឹងតែជាប្រទេសមិនសូវមានទំនាក់ទំនងល្អជាមួយលោកខាងលិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយគាំទ្រទីក្រុងកៀវ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ ប៉ុន្តែ បណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា មិនបានចូលរួម ឬក៏ចាប់អារម្មណ៍ចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ីឡើយ៕