(ឡុងដ៍)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថាមនុស្សយ៉ាងហោច ១៨នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំង នៅឯខេត្តហ្វាស់ (Fars) ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
ដោយផ្អែកលើអាជ្ញាធរនៅក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានឱ្យដឹងទៀតថាភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិស៊ុលតន សាសបាស់ (Soltan Shahbaz) ស្ថិតនៅក្នុងទីក្រុង អេស្ដាស់បាន (Estahban) នៃខេត្តហា្វស់ ដោយបង្កមានទឹកជំនន់ជន់លិចភ្លាមៗ ពីចេញពីទំនប់ទឹក រ៉ូដបាល់ (Rodbal)។
ចំណែកឯ មនុស្ស៥៥នាក់ ត្រូវបានជួយសង្រ្គោះ រីឯរថយន្ដ១៥គ្រឿងត្រូវបានទឹកកួចយកទៅបាត់ ខណៈមនុស្សមួយចំនួនត្រូវបានគេបញ្ជាក់ថាបាន បាត់ខ្លួន៕