(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថាជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៉ិនហ្សូ នឹងត្រូវ ទទួលការវាយតម្លៃសុខភាពផ្លូវចិត្ត ដោយមានរយៈពេលរហូតដល់ចុងឆ្នាំនេះ ដើម្បីកំណត់ថាតើជននេះគួរតែត្រូវបានចោទប្រកាន់ជាផ្លូវការ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
ជនសង្ស័យមានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) អាយុ៤១ឆ្នាំ ត្រូវបានប៉ូលិស ក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុនចាប់ខ្លួន ភ្លាមៗ ក្រោយបាញ់ប្រហារលើលោក អាបេ កាលពីថ្ងៃទី៨ ខែកក្កដានេះ ដែលបណ្ដាលឱ្យអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ រងរបួសធ្ងន់រហូតដល់បាត់បង់ ជីវិត។
ជុំវិញសំណុំរឿងនេះដែរ សារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងថាតុលាការមួយក្នុងទីក្រុងណារ៉ា បានទទួលយកការស្នើសុំរបស់ក្រុមព្រះរាជអាជ្ញាដែលចង់ឱ្យ ជនឈ្មោះយ៉ាម៉ាហ្កាមិ ទទួលបានការវាយតម្លៃសុខភាពផ្លូវចិត្ត។ បើតាម Nikkei ការវាយតម្លៃនេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីកំណត់ថាតើជនសង្ស័យរូបនេះគួរតែត្រូវបានចោទប្រកាន់ជាផ្លូវការដែរ ឬក៏យ៉ាងណា ពាក់ព័ន្ធនឹងការធ្វើឃាតលោក អាបេ៕