(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា គ្មានឡើយបទឈប់បាញ់ជាមួយរុស្ស៉ី បើអ៊ុយក្រែនមិនអាច ដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញទេនោះ ហើយបទឈប់បាញ់របៀបនេះនឹងមានតែអូសបន្លាយសង្រ្គាមតែប៉ុណ្ណោះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បទឈប់បាញ់ ជាមួយសហព័ន្ធរុស្ស៉ី គឺមានន័យស្មើនឹងការសម្រាក ដែលនឹងទុកពេលឱ្យសហព័ន្ធរុស្ស៉ីមានពេលសម្រាក់តែប៉ុណ្ណោះ»។ លោកបន្ថែមថាប្រជាជន អ៊ុយក្រែនជឿជាក់ថាទឹកដីដែលបានបាត់បង់ត្រូវតែយកមកវិញទាំងអស់ជាមុនសិន ហើយទើបអ៊ុយក្រែនអាចចរចាពីអ្វីដែលត្រូវធ្វើ ហើយថាតើត្រូវបន្ត រស់នៅយ៉ាងដូចម្ដេច នៅក្នុងពេលរាប់ស.វទៅមុខ។
បើតាមលោក ហ្សេលេនស្គី បច្ចុប្បន្ន អ៊ុយក្រែនត្រូវការបំផុត នោះគឺប្រព័ន្ធការពារដែនអាកាសដែលអាចទប់ស្កាត់ការវាយប្រហារដោយមីស៊ីលចម្ងាយ ឆ្ងាយរបស់រុស្ស៉ី លើទីក្រុងនានារបស់អ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិសង្រ្គាម។ ម្យ៉ាងវិញទៀត លោកក៏បានព្រមានដែរថា បទឈប់បាញ់មួយ ដែលអនុញាតឱ្យរុស្ស៉ីបន្តកាន់កាប់ទឹកដីអ៊ុយក្រែនចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក មានតែជំរុញ ឱ្យជម្លោះរាលដាលកាន់តែធំ ហើយផ្ដល់ឱកាសឱ្យទីក្រុងមូស្គូ បំពេញ និងបំពាកអាវុធឡើងវិញ សម្រាប់ដំណាក់កាលបន្ទាប់៕