(កៀវ)៖ សហរដ្ឋអាមេរិក បានសន្យាផ្ដល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន ហើយកំពុងចាប់ផ្ដើមពិចារណាថាតើគួរ ឬមិនគួរបញ្ជូន យន្ដហោះចម្បាំងឱ្យទីក្រុងកៀវ ខណៈរុស្ស៉ីកំពុងជឿនលឿនទៅមុខក្នុងសង្រ្គាមនៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
ការប្រកាសខាងលើរបស់សេតវិមានធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺក្នុងថ្ងៃតែមួយដែលរុស្ស៉ីអះអាងថាបានកម្ទេចប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងដែល អាមេរិកបានផ្ដល់ឱ្យអ៊ុយក្រែន នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែកក្កដា និងចំពេលដែលរុស្ស៉ី និងអ៊ុយក្រែនបានយល់ព្រមចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបើកផ្លូវ ឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិចេញពីកំពង់ផែសមុទ្រខ្មៅឡើងវិញ។ នៅក្នុងការប្រកាសផ្ដល់កញ្ចប់ជំនួយថ្មីបន្ថែម ២៧០លានដុល្លារឱ្យអ៊ុយក្រែន សេតវិមាន ក៏បានបញ្ជាក់ដែរថាខ្លួនកំពុងចាប់ផ្ដើមពិចារណាថាតើគួរ ឬមិនគួរបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន បើទោះជាការសម្រេចចិត្តណាមួយនឹងមិនអាចធ្វើឡើង ក្នុងពេលឆាប់ៗក៏ដោយ។
មកទល់នឹងពេលនេះ អ៊ុយក្រែននៅតែបន្តរំពឹងថាបណ្ដាប្រទេសលោកខាងលិចនឹងបង្កើនការផ្ដល់អាវុធ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ដែលទីក្រុងកៀវ ដើម្បីអាចដណ្ដើមយកទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ។ រុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍ បានអះអាងថាខ្លួនបានកម្ទេចប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿង តែអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានច្រានចោលការអះអាងនេះ៕