(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានបង្ហើបថា មន្ទីរបញ្ចកោណបានសម្តែងការព្រួយបារម្ភថា យន្តហោះរបស់លោកស្រីអាចនឹងត្រូវចិនបាញ់ទម្លាក់ ប្រសិនបើលោកស្រីធ្វើទស្សនកិច្ចតាមពាក្យចចាមអារ៉ាម ទៅកាន់កោះតៃវ៉ាន់នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍មួយនៅក្នុងកាសែត Financial Times នៅដើមសប្តាហ៍នេះបានអះអាងថា គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នៅខែក្រោយ ដែលជំរុញឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុងប៉េកាំង។
លោកស្រី Pelosi បានបដិសេធមិនបញ្ជាក់ពីការធ្វើដំណើរក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា «ខ្ញុំមិនដែលពិភាក្សាអំពីផែនការធ្វើដំណើររបស់ខ្ញុំទេ»។
នៅពេលដែលលោកស្រី ត្រូវបានគេសួរអំពីការអត្ថាធិប្បាយ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃពុធដែលថា យោធាគិតថាវាមិនមែនជាគំនិតល្អទេ ដែលលោកស្រីធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ ប្រធានសភាអាមេរិករូបនេះបានឆ្លើយតបថា «ខ្ញុំគិតថាអ្វីដែលប្រធានាធិបតីកំពុងនិយាយ ប្រហែលជាយោធាខ្លាចយន្តហោះរបស់យើង នឹងត្រូវបានបាញ់ទម្លាក់ដោយចិន ឬអ្វីមួយដូចនោះឯង»។
គួរបញ្ជាក់ថា ចិនធ្លាប់ព្រមានថា ខ្លួនអាចនឹងចាត់វិធានការជាក់ស្តែង ឬអាចនឹងប្រើប្រាស់កម្លាំង ប្រសិនប្រធានសភាអាមេរិកហ៊ានមកទស្សនៈកិច្ចកោះតៃវ៉ាន់ដូចព័ត៌មាន លេចលឺមែន៕