(កៀវ)៖ តួកគី និងអង្គការសហប្រជាជាតិបាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រ ទី២២ ខែកក្កដានេះ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ សម្រាប់ការនាំចេញស្បៀងអាហារ ដោយបង្ហាញក្តីសង្ឃឹមថា វិបត្តិស្បៀងអាហារអន្តរជាតិដែលបង្កឡើង ដោយការឈ្លានពានរបស់រុស្ស៊ីអាចត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
ភាគីទាំងពីរបាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោក បានបញ្ជូនរដ្ឋមន្ត្រីការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធរៀងៗខ្លួនទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅម៉ោង៩៖៣០យប់ ម៉ោងនៅប្រទេសសិង្ហបុរី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រំពឹងថា នឹងសហការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ហើយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងចូលរួមផងដែរ។
ទោះជាយ៉ាងណា ការប្រយុទ្ធគ្នាបាន និងកំពុងបន្តមិនឈប់ឈរនៅភាគខាងកើតអ៊ុយក្រែន ដោយបង្ហាញពីអរិភាព និងការមិនទុកចិត្តដែលចាក់ឫសយ៉ាងជ្រៅ។ ទីប្រឹក្សាប្រធានាធិបតីទីក្រុងកៀវបាននិយាយថា អ៊ុយក្រែននឹងមិនចុះហត្ថលេខាលើឯកសារណាមួយជាមួយរុស្ស៊ីទេ ប៉ុន្តែគ្រាន់តែចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្របគ្នាលើការនាំចេញគ្រាប់ធញ្ញជាតិជាមួយអង្គការសហប្រជាជាតិប៉ុណ្ណោះ៕