(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) នៅថ្ងៃសុក្រនេះ បានប្រកាសធានាដល់ទ្វីបអាហ្វ្រិកថា រុស្ស៉ីនឹងចែកចាយស្បៀងអាហារ, ជីកសិកម្ម, ធនធានថាមពល និងទំនិញផ្សេងទៀត ទៅតាមកិច្ចសន្យាឲ្យអាហ្វ្រិក បើទោះបីជាមានការលំបាកដែលបង្កឡើង ដោយទណ្ឌកម្មលោកខាងលិច ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងបទវិចារណកថាមួយដែលត្រូវបានចេញផ្សាយ នៅទូទាំងទ្វីបអាហ្រិ្វក លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «យើងដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃ ការផ្គត់ផ្គង់របស់រុស្ស៉ី ទៅលើទំនិញសំខាន់ៗក្នុងសង្គម រួមទាំងអាហារទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ យើងចងចាំថាការផ្គត់ផ្គង់ទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសង្គម»។
លោក ឡារ៉ូវ បានបន្ថែមថា ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឲ្យមាន «និន្នាការអវិជ្ជមានកាន់តែខ្លាំងឡើង» ក្នុងទីផ្សារទំនិញសកលដែលបានចាប់ផ្តើម កំលុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩មកម្ល៉េះ។ រុស្ស៉ីនឹងបន្តអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចសន្យាអន្តរជាតិទាក់ទងនឹងការនាំចេញ ផលិតផលដ៏មានសារៈសំខាន់ទាំងនេះ សម្រាប់ទ្វីបអាហ្វ្រិក។
គួរបញ្ជាក់ថា បើតាមប្រមុខការទូតរុស្ស៉ី, ទំនាក់ទំនងរវាងរុស្ស៉ី និងប្រជាជនអាហ្វ្រិក គឺមានតម្លៃស៉ីជម្រៅ និងមិនអាស្រ័យលើភាពប្រែប្រួល នៃបរិយាកាសអន្តរជាតិនោះទេ៕