(ប៉េកាំង)៖ យោងតាមទិន្នន័យស្ថិតិថ្មីបំផុត ដែលចេញផ្សាយដោយសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា គិតមកទល់វេលាម៉ោង៦ និង ២១នាទីនៅថ្ងៃទី ២១ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង នៅទូទាំងសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី៩០លាន ១ម៉ឺន ៣ពាន់ ៤រយនាក់ និងករណីស្លាប់សរុបលើសពី ១លាន ២ម៉ឺន ៥ពាន់ ៦រយនាក់ ទិន្នន័យទាំងពីរនេះសុទ្ធតែបានឈរនៅលំដាប់ថ្នាក់ទី១ លើទូទាំងពិភពលោក។

បើនិយាយចំពោះសហរដ្ឋអាមេរិក តើករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី ៩០លាននាក់ វាបង្កប់អត្ថន័យយ៉ាងណា? ពោលគឺ គិតជាមធ្យម ក្នុងចំណោមរាល់ជនជាតិអាមេរិក ៣,៦នាក់ ក៏មានម្នាក់ឆ្លងជំងឺកូវីដ១៩ដែរ។ ប៉ុន្តែសភាពការណ៍ជាក់ស្តែង ប្រហែលមានភាពកាន់តែធ្ងន់ធ្ងរទៅទៀត។ អ្នកជំនាញនិងប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ដោយសារជនជាតិអាមេរិកជាច្រើននាក់ បាននិងកំពុងធ្វើតេស្តរកវីរុសដោយខ្លួនឯងនៅផ្ទះ ឬក៏មិនបានធ្វើតេស្តទាល់តែសោះ បានជាបណ្តាលឱ្យករណីឆ្លងជំងឺកូវីដ១៩ ដ៏ពិតប្រាកដក្នុងក្របខណ្ឌទូទាំងអាមេរិក មានលទ្ធភាពត្រូវបានប៉ាន់ប្រមាណទាបយ៉ាងខ្លាំង។

តាំងពីចូលឆ្នាំនេះមក ករណីឆ្លងជំងឺកូវីដ១៩ សរុបនៅសហរដ្ឋអាមេរិកបានវាយទម្លុះ ៦០លាននាក់ ៧០លាននាក់ ៨០លាននាក់និង ៩០លាននាក់ជាបន្តបន្ទាប់។ នៅពីក្រោយតួលេខដែលមានលក្ខណៈគ្រោះមហន្តរាយទាំងនេះ ជារឿងលម្អិតដ៏មានលក្ខណៈសោកនាដកម្មកាន់តែជាក់ស្តែង ពោលគឺ តាំងពីចូលឆ្នាំនេះមក នៅអាមេរិកបានរកឃើញកុមារលើសពី ៦លាននាក់បានឆ្លងជំងឺកូវីដ ១៩ បច្ចុប្បន្ននេះ កុមារជាង ២៥ម៉ឺននាក់ នៅអាមេរិកបានក្លាយជា «កុមារកំព្រាកូវីដ១៩» ដោយសារកំព្រាឪពុកម្តាយឬអាណាព្យាបាលផ្សេងទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រហែលមានកុមារមួយជំនាន់ប្រឈមនឹង ឧបសគ្គខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹងមនឹងវីរុសកូវីដ ១៩ បម្លែងថ្មីប្រភេទ Omicron BA.5 និង BA.4 ពន្លឿនការចម្លងនៅទូទាំងពិភពលោក តាមការប៉ាន់ប្រមាណ នឹងមានប្រជាជនអាមេរិកលើសពីពាក់កណ្តាល រស់នៅតំបន់ដែលមានហានិភ័យខ្ពស់។

គួររំលឹកថា ក្នុងនាមជាប្រទេសមហាអំណាចផុតលេខតែមួយគត់ នៅលើពិភពលោក សហរដ្ឋអាមេរិកបែរជាបានក្លាយជា «ប្រទេសទទួលបរាជ័យធំជាងគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។ ភាពខុសគ្នាយ៉ាងខ្លាំងនេះបានឆ្លុះបញ្ចាំងពី ភាពជាប់គាំងនៃប្រព័ន្ធរបបនយោបាយរបស់អាមេរិក និងការគ្មានប្រសិទ្ធភាពនៃអភិបាលកិច្ចប្រទេសជាតិ ហើយក៏បានឆ្លុះបញ្ចាំងពីមុខមាត់ពិតប្រាកដរបស់អ្នកនយោបាយអាមេរិក ដែលតម្កល់ទុកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន លើអាយុជីវិតរបស់ប្រជាជនផងដែរ។

បច្ចុប្បន្ននេះ ខណៈពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកជិតចូលមកដល់ ការបដិបក្ខគ្នារវាងគណបក្សទាំងពីរ ក៏មានភាពកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រឈមនឹងបញ្ហាលំបាក់ជាច្រើនក្នុងស្រុកអាមេរិក ដូចជា អតិផរណាកើនឡើងយ៉ាងខ្លាំង និងករណីអំពើហិង្សាដោយកាំភ្លើងកើតឡើងជាញឹកញាប់ជាដើម រដ្ឋាភិបាលអាមេរិកបាននិងកំពុងធ្លាក់ក្នុងភាពជាប់គាំងទៅហើយ ហើយក៏កាន់តែមិនអាចរំពឹងទុកថា ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ទៅលើ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនោះដែរ។ ប្រការទាំងនេះមុខជានឹងបណ្តាលឱ្យ ទិន្នន័យអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានកើនឡើងឥតឈប់ឈរជាក់ជាមិនខាន ចំណែកឯករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០លាននាក់គឺ មិនមែនជាទីបញ្ចប់នៃ «សោកនាដកម្មរបស់អាមេរិក» នោះឡើយ។

ខណៈពេលដែលករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានឡើងដល់ ១លាននាក់ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពិពណ៌នាថា វាជា «កំណត់ត្រាសោកនាដកម្ម» មួយ ហើយបានដាស់តឿនប្រជាជនអាមេរិក កុំឱ្យមានភាពព្រងើយកន្តើយ ចំពោះទឹកចិត្តក្រៀមក្រំបែបនេះ។ អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ បច្ចុប្បន្ននេះ អ្នកដែលព្រងើយកន្តើយមិនអើពើរនឹងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺឆ្លង គឺអ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនហ្នឹងឯង។

ប្រឈមនឹងអាយុជីវិត ដែលបាននិងកំពុងបាត់បង់ទៅជាបន្តបន្ទាប់ និងក្រុមគ្រួសារជាច្រើនរាប់មិនអស់ ដែលបាននិងកំពុងបាត់បង់សាច់ញាតិ ដោយសារជំងឺកូវីដ១៩ ពាក្យស្លោកដែលហៅថា «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ដែលពួកគេប៉ុនប៉ងវេចខ្ចប់និងឃោសនាបំប៉ោងនោះ ត្រូវបានបង្ខូចយ៉ាងធ្ងន់ធ្ងរជាយូរមកហើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន