(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ បានប្រកាសថា ប៉ូឡូញនឹងទិញយន្តហោះចម្បាំងធុន FA-50 ចំនួន៤៨គ្រឿង, រថក្រោះ K2 Black Panther ឈុតដំបូងចំនួន១៨០គ្រឿង និងប្រព័ន្ធកាំភ្លើងធំ ហោវីតសឺ (Howitzer) មិនបញ្ជាក់ចំនួន ពីប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយ ដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ូឡូញ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ការបញ្ជាទិញឈុតទី១ នៃរថក្រោះ K2 Black Panther គឺចំនួន ១៨០គ្រឿង ហើយក្រុមរថក្រោះប៉ុន្មានគ្រឿងដំបូង នឹងប្រគល់មកដល់ប៉ូឡូញក្នុងឆ្នាំនេះតែម្តង។ ទីបំផុតនាពេលខាងមុខ ពួកវានឹងត្រូវផលិត នៅក្នុងទឹកដីប៉ូឡូញផ្ទាល់»។
បើតាមលោក ប្លាសហ្សាក់ ក្រៅពីនេះ ប៉ូឡូញគ្រោងនឹងទិញយន្តហោះចម្បាំង FA-50 ចំនួន៣ក្រុម ដែលស្មើនឹង៤៨គ្រឿង ហើយពួកវានឹងចាប់ផ្តើមមកដល់ប៉ូឡូញ នៅឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាសូវីក៏នឹងទិញកាំភ្លើងធំផងដែរ ពីកូរ៉េខាងត្បូង ប៉ុន្តែពុំមានការបញ្ជាក់ចំនួនច្បាស់ឡើយ។
គួរបញ្ជាក់ថា រថក្រោះ K2 Black Panther ជាផលិតផលរបស់ក្រុមហ៊ុន Hyundai Rotem។ រីឯយន្តហោះចម្បាំង FA-50 គឺផលិតដោយក្រុមហ៊ុន Korea Aerospace Industries (KAI)។ ចំណែក កាំភ្លើងធំ ហោវីតសឺ គឺមិនត្រូវបានបង្ហើបពីប្រភេទនោះទេ ប៉ុន្តែកាំភ្លើងធំ ដែលល្បីជាងគេរបស់កូរ៉េខាងត្បូង គឺប្រភេទ K9 Thunder ជាផលិតផលរបស់ក្រុមហ៊ុន Hanwha Defense៕