(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការ Arab barometer ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិ បានចេញផ្សាយរបាយការណ៍ពិនិត្យអង្កេតពីរច្បាប់ ដោយបានបង្ហាញថា ប្រជាជនអារ៉ាប់ភាគច្រើន បាននិងកំពុងបាត់បង់ជនឿចិត្ត ចំពោះប្រសិទ្ធភាពរបស់ប្រព័ន្ធរបបប្រជាធិបតេយ្យបែបលោកខាងលិច ហើយរូបមន្តរបស់ប្រទេសចិនមានកម្លាំងទាក់ទាញ កាន់តែខ្លាំងឡើងៗ។
ការស្ទង់ប្រជាមតិដែលមានអ្នកចូលរួមផ្តល់ប្រជាមតិសរុប២៣ពាន់នាក់ បានគ្របដណ្តប់ប្រទេសចំនួន៩ ដូចជាម៉ារ៉ុក ទុយនីស៊ី អ៊ីរ៉ាក់ ស៊ូដង់ លីប៊ី ហ៊្សកដានី លីបង់ ម៉ូរីតានី និងប៉ាឡេស្ទីនជាដើម។ អនុលោមតាមការស្ទប់ប្រជាមតិលើកនេះ នៅដើមខែកក្កដា អង្គការ Arab barometer បានចេញផ្សាយរបាយការណ៍ពីរច្បាប់លើវេបសាយរបស់ខ្លួន គឺ «ប្រជាធិបតេយ្យនៃមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង» និង «មតិរបស់សាធារណជនចំពោះ ការប្រកួតប្រជែងរវាងចិននិងអាមេរិក នៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង»។
របាយការណ៍ស្តីពី «ប្រជាធិបតេយ្យនៃមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង» បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ជាពិសេសគឺ៥ឆ្នាំចុងក្រោយនេះ ប្រជាជននៃប្រទេសអារ៉ាប់នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កាន់តែមានមន្ទិលសង្ស័យចំពោះ អត្ថប្រយោជន៍របស់ប្រជាធិបតេយ្យបែបលោកខាងលិច ប្រជាពលរដ្ឋកាន់តែច្រើនសម្គាល់ឃើញថា ប្រព័ន្ធរបបប្រជាធិបតេយ្យបែបលោកខាងលិច គ្មានអំណោយផលដល់ការស្តារសេដ្ឋកិច្ចឡើងវិញ គាំពារស្ថិរភាពនៃសណ្តាប់ធ្នាប់សង្គមនិងជំរុញឱ្យ រដ្ឋាភិបាលចាត់វិធានការយ៉ាងដាច់ម៉ាត់នោះទេ។
រីឯរបាយការណ៍ស្តីពី «មតិរបស់សាធារណជនចំពោះ ការប្រកួតប្រជែងរវាងចិននិងអាមេរិក នៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង» បានលើកឡើងថា ប្រទេសចិនបានបង្កើនទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចជាមួយតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ប៉ុន្តែអាមេរិកបែរជាបន្តកាត់បន្ថយការចំណាយនៅក្នុងតំបន់នេះ ដើម្បីបង្វែរមជ្ឈមណ្ឌលយុទ្ធសាស្ត្រទៅកាន់អាស៊ីប៉ាស៊ីហ្វីក។ អ្នកចូលរួមផ្តល់ប្រជាមតិជាច្រើនសម្គាល់ឃើញថា អាមេរិកផ្តល់ជំនួយគឺដើម្បីបង្កើនកម្លាំងឥទ្ធិពលរបស់ខ្លួន ហើយប្រើប្រៀបធៀបនឹងអាមេរិក ប្រជាជនក្នុងតំបន់មិនសូវមាន មន្ទិលសង្ស័យចំពោះជំនួយពីប្រទេសចិននោះឡើយ។
ទីបំផុត របាយការណ៍បានបូកសរុបថា ដោយមកពីប្រទេសចិនមិនមែនជាប្រទេសអាណានិគមនោះទេ ហើយក៏មិនដែលជ្រៀតជ្រែកដោយផ្ទាល់ នូវកិច្ចការរបស់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនោះដែរ ដូច្នេះ នៅពេលអនាគតមិនជាយូរប៉ុន្មាន ប្រទេសចិនប្រហែលនឹងកាន់តែមាន ប្រជាប្រិយភាពជាងអាមេរិក៕
វិទ្យុមិត្តភាពកម្ពុជាចិន