(បាងកក)៖ នៅថ្ងៃសុក្រនេះ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំម្នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

ករណីខាងលើត្រូវបានរកឃើញ នៅលើកោះទេសចរណ៍ ភូកេត កាលពីចុងសប្តាហ៍មុន នៅពេលអ្នកជំងឺ បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យឯកជនមួយកន្លែង ដោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺអុតស្វា។ បើតាមក្រុមមន្រ្តីសុខាភិបាលថៃ ខាងមន្ទីរពេទ្យ បានយកសំណាកពីអ្នកជំងឺ ដើម្បីទៅធ្វើតេស្តក្នុងមន្ទីរពិសោធ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ បន្ទាប់មក នាយប់ថ្ងៃចន្ទសប្តាហ៍នេះ លទ្ធផលចេញមកបង្ហាញថា វិជ្ជមាន។

អាជ្ញាធរសុខាភិបាលកោះភូកេតបានឱ្យដឹងថា ក្រោយទទួលដំណឹងនៃលទ្ធផលធ្វើតេស្ត អ្នកជំងឺបានបដិសេធទទួលការព្យាបាល ហើយបិទទូរស័ព្ទរបស់ខ្លួន លែងឱ្យមន្ទីរពេទ្យទាក់ទងបាន។ បុរសជនជាតិនីហ្សេរីយ៉ារូបនោះ បានចូលមកដល់ប្រទេសថៃ តាំងតែពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានស្នាក់នៅខុនដូមួយកន្លែង ក្នុងក្រុងផាតុង (Patong) នៃកោះភូកេត ចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមក។

គួរបញ្ជាក់ថា នាពេលនេះ អាជ្ញាធរថៃប្រចាំតំបន់ បាននិងកំពុងបន្តព្យាយាមតាមរកអ្នកជំងឺខាងលើ ដើម្បីផ្តល់ការព្យាបាលដល់រូបគេ ក៏ដូចជាដើម្បីគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺអុតស្វា។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលថៃ ក៏កំពុងធ្វើការយ៉ាងកម្ម ដើម្បីស្វែងរកករណីឆ្លងដទៃ និងអ្នកដែលជាប់ពាក់ព័ន្ធ៕