(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងមូស្គូរំពឹងថា ចំណាត់ការរបស់សហភាពអឺរ៉ុប (EU) នៅក្នុងវិស័យសន្តិសុខស្បៀង នឹងបង្កើតលក្ខខណ្ឌ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ដោយគ្មានការរារាំង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្សាខារ៉ូវ៉ា បានគូសបញ្ជាក់ថា «ឯកសារដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាសហភាពអឺរ៉ុប គឺបានប្រកាសអំពីផែនការពង្រីកការលើកលែងពីទណ្ឌកម្មមុនៗ ក្នុងគោលបំណងដើម្បីបញ្ចៀស ផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានចំពោះវិស័យសន្តិសុខស្បៀង និងថាមពលសកល។ ប៉ុន្តែយើងដឹងថា វាមានចន្លោះធំមួយ នៅរវាងចេតនាដែលសហភាពអឺរ៉ុប ប្រកាសចេញ ហើយនិងចំណាត់ការ ដែលខ្លួនអនុវត្ត។ យើងរំពឹងថាសហភាពអឺរ៉ុប នឹងជួយលើកកម្ពស់វិស័យសន្តិសុខស្បៀង, បង្កើតលក្ខខណ្ឌសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ដោយមិនមានការរារាំង»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីរូបនេះ, សេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ស្តីពីកញ្ចប់ទណ្ឌកម្មទី៧របស់ខ្លួន ប្រឆាំងនឹងរុស្ស៉ី បានបង្ហាញឲ្យឃើញពីការគេចវេសរបស់សហភាពអឺរ៉ុប ចំពោះការទទួលខុសត្រូវលើវិបត្តិស្បៀងអាហារ និងថាមពលរបស់ពិភពលោក ហើយគោលនយោបាយសេដ្ឋកិច្ច និងថាមពលរបស់លោកខាងលិច គឺជាមូលហេតុចម្បងនៃការកើនឡើងតម្លៃផលិតផលកសិកម្ម និង ថាមពលជាសកល ដែលបង្កវិបត្តិកាន់តែច្រើន ព្រមគ្នាជាមួយនឹងបញ្ហាជំងឺកូវីដ ១៩៕