(វែលីងតោន)៖ រដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោក ភីនី ហេណារ៉េ (Peeni Henare) នៅថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថា នាវាយោធា២គ្រឿងរបស់នូវែលសេឡង់ នឹងត្រូវបញ្ជូនទៅកាន់តំបន់ប៉ាស៉ីហ្វិក នាសប្តាហ៍ក្រោយ ក្នុងបេសកកម្មរយៈពេល៣ខែ ដើម្បីជួយផ្តល់ការការពារសន្តិសុខដែនសមុទ្រ និងការគាំទ្រផ្សេងៗទៀត សម្រាប់បណ្តាប្រទេសដីកោះប៉ាស៉ីហ្វិក ដែលជាដៃគូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក ហេណារ៉េ បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាល្បាត HMNZS Wellington (វែលីងតោន) ហើយនិងនាវាស្រាវជ្រាវ និងសង្កេតដែនសមុទ្រ HMNZS Manawanui (ម៉ាណាវ៉ានុយ) នឹងចល័តទៅកាន់តំបន់ប៉ាស៉ីហ្វិក រួមជាមួយយន្តហោះល្បាត P-3 Orion ដើម្បីល្បាតនិងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ព្រមទាំងស្វែងរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្រ្គាម ក្នុងចំណោមភារកិច្ចដទៃៗទៀត។

ប្រមុខការពារជាតិនូវែលសេឡង់ បានថ្លែងយ៉ាងដូច្នេះថា «ស្របពេលដែលឥឡូវ ព្រំប្រទល់នៃប្រទេសដីកោះប៉ាស៉ីហ្វិកភាគច្រើន ត្រូវបានបើកឡើងវិញហើយ យើងអាចវិលត្រឡប់ទៅរកការអនុវត្តភាពជាដៃគូ កាន់តែជិតស្និទ្ធដូចមុនវិញ ក្នុងការគាំទ្រអាទិភាពរបស់ដៃគូយើង ដើម្បីសម្រេចបាននូវតំបន់ប៉ាស៉ីហ្វិក ដែលមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអត់ធន់រឹងមាំ»

គួរបញ្ជាក់ថា ការនេសាទគឺប្រភពធនធានដ៏សំខាន់មួយ សម្រាប់ក្រុមប្រទេសដីកោះប៉ាស៉ីហ្វិក។ បើតាមការប៉ាន់ប្រមាណរបស់ ក្រសួងការបរទេសនិងពាណិជ្ជកម្មនូវែលសេឡង់ ការនេសាទត្រីធូណារបស់តំបន់នេះ គឺមានតម្លៃស្មើនឹង ៥.៣ពាន់លានដុល្លារក្នុង១ឆ្នាំៗ និងបង្កើតការងារបាន ២៣,០០០កន្លែង។ ប៉ុន្តែបច្ចុប្បន្នវាស្ថិតក្នុងការគំរាមកំហែង ដោយសារតែសកម្មភាពនេសាទខុសច្បាប់៕