(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបន្តធ្វើការហ្វឹកហ្វឺនលើទីលានជាក់ស្តែងឡើងវិញ កំលុងពេលធ្វើសមយុទ្ធយោធារួមគ្នា ក្រោយពីបានផ្អាកជាយូរមកហើយនោះ ខណៈដែលប្រទេសទាំងពីរកំពុងធ្វើការរួមគ្នា ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលដែលកំពុងឈានទៅមុខ របស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធនៅលើទីលានរួមគ្នាចំនួន ១១ ក្នុងនោះរួមមាន១សមយុទ្ធ ដែលនឹងធ្វើឡើងក្នុងកម្រិតទំហំកងវរសេនាធំ នារដូវក្តៅនេះ។ សម្ព័ន្ធមិត្តទាំងពីរមានបំណង ចង់ធ្វើសមយុទ្ធលើទីលាន ក្នុងកម្រិតកងវសេនាធំ ឬខ្ពស់ជាងនេះ ឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តនឹងគ្នា គ្រោងចាប់ផ្តើមសមយុទ្ធនារដូវក្តៅលក្ខណៈប្រចាំឆ្នាំ របស់ពួកគេ នាខែក្រោយនេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានប្តេជ្ញាថានឹងធ្វើឲ្យសមយុទ្ធរួមគ្នា ជាទៀងទាត់ឡើងវិញ និងជំរុញការទប់ស្កាត់ប្រឆាំងកូវ៉េខាងជើង ក្រោយការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ៕