(ខូឡួរ៉ាដូ)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចក្រភពអង់គ្លេស បាននិយាយថាកងទ័ពរុស្ស៉ីទំនងជានឹងផ្អាកការវាយប្រហារមួយចំនួននៅក្នុងប្រទេស អ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខ ដែលនេះគឺជាឱកាសល្អមួយសម្រាប់កងទ័ពអ៊ុយក្រែនធ្វើការវាយបក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក រីឆាដ ម័រ (Richard Moore) ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MI6 ធ្វើការកត់សម្គាល់ខាងលើ នៅឯវេទិកាសន្តិសុខ Aspen រៀបចំឡើងក្នុង រដ្ឋខូឡូរ៉ាដូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការវាយតម្លៃផងដែរថាមកទល់នឹងបច្ចុប្បន្ន កងទ័ពរុស្ស៉ីប្រហែលជា ១៥,០០០នាក់ ត្រូវបានសម្លាប់នៅក្នុង សង្រ្គាមអ៊ុយក្រែន។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះបានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំគិតថាពួកគេ (រុស្ស៉ី) នឹងផ្អាកការវាយប្រហារមួយចំនួន ដោយសារតែពួកគេអស់ ថាមពល ហើយដែលនេះគឺជាឱកាសសម្រាប់កងទ័ពអ៊ុយក្រែនធ្វើការវាយបក»។ លោកបន្ថែមថានៅប៉ុន្មានសប្ដាហ៍ខាងមុខ យោធារុស្ស៉ីអាចនឹងកាន់តែពិបាក ក្នុងការបង្កើនចំនួនកងទ័ព និងបរិក្ខាយោធា។

គួរបញ្ជាក់ថា បើតាមលោក រីឆាដ ម័រ បច្ចុប្បន្ន វាចាំបាច់ណាស់ត្រូវតែបង្ហាញថាអ៊ុយក្រែន មានលទ្ធភាពឈ្នះសង្រ្គាមសព្វថ្ងៃ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធ របស់កងទ័ពអ៊ុយក្រែន ព្រមទាំងលើកទឹកចិត្តឱ្យបណ្ដាប្រទេសលោកខាងលិចបន្តផ្ដល់ការគាំទ្រ ស្របពេលបណ្ដាប្រទេសអឺរ៉ុបកំពុងបារម្ភពីការខ្វះខាតឧស្ម័ន ប្រើប្រាស់ ជាពិសេសនៅពេលរដូវរងាចូលមកដល់៕