(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថារូបលោកមានសុខភាពល្អប្រសើរ បន្ទាប់ពីតេស្ដ វិជ្ជមានកូវីដ១៩ នៅអាយុ៧៩ឆ្នាំ ហើយបានសន្យាថានឹងបន្តធ្វើការងារជាធម្មតា ខណៈកំពុងធ្វើចត្តាឡីស័ក និងទទួលការព្យាបាលនៅឯសេតវិមាន ដោយមានរោគសញ្ញាស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសារជាវីដេអូខ្លីមួយបង្ហោះលើ Twitter លោក ចូ បៃដិន បានលើកឡើងដូច្នេះថា «ខ្ញុំមានសុខភាពល្អប្រសើរ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ប្រាកដជា បានទទួលបានដំណឹងហើយថាខ្ញុំបានឆ្លងកូវីដ១៩។ ប៉ុន្តែ វាមិនមានបញ្ហាអ្វីនោះទេ ហើយខ្ញុំមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ និងអរគុណចំពោះការ ព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន២ដូសពេញលេញ និងចាក់ដូសជំរុញចំនួន ២លើកផងដែរ៕