(តូក្យូ)៖ ជប៉ុន នៅថ្ងៃសុក្រនេះបានព្រមានពីការកើនឡើងនៃការគំរាមកំហែងសន្តិសុខ ក្នុងនោះរួមមានទាំងផលវិបាកនានាដែលបង្កឡើងដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន សកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ និងភាពងាយរងគ្រោះនៃខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់ទីក្រុងតូក្យូ ធ្វើឡើងនៅក្នុងរបាយការណ៍ស្ដីពីវិស័យការពារជាតិប្រចាំឆ្នាំ ដែលក្រសួងការពារជាតិជប៉ុនហៅថា «សៀវភៅ ស» និងចំពោះមុខការព្រួយបារម្ភពីភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ សៀវភៅ សនេះដដែលបានបញ្ជាក់ដូច្នេះថា «ការប្រកួតប្រជែងខាង នយោបាយ សេដ្ឋកិច្ច និងយោធារវាងប្រជាជាតិនានា គឺលេចរូបរាងឡើងកាន់តែច្បាស់ ហើយវាបានបង្កការគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលនេះជាបញ្ហាសកល»

សៀវភៅ ស មួយនេះក៏បានពិពណ៌នាដែរថាការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាទង្វើបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ និងបង្កឱ្យមានការព្រួយ បារម្ភថាការប្រើប្រាស់កម្លាំងរបស់រុស្ស៉ីដើម្បីដោះស្រាយបញ្ហា ឬជម្លោះ នាំឱ្យមានការបារម្ភយ៉ាងខ្លាំងពីកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងចាត់ទុកថាជា ខេត្តមួយរបស់ខ្លួន ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងប្រើកម្លាំងយោធា ក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា នៅក្នុងសៀវសខាងលើ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអុ ក៏បានចាត់ទុកចិន រុស្ស៉ី និងកូរ៉េខាងជើង គឺជាក្ដីកង្វល់នៃសន្តិសុខជាតិជប៉ុនផងដែរ៕