(ប៉េកាំង)៖ ក្រសួងការបរទេសចិន នាថ្ងៃព្រហស្បតិ៍នេះ បាន ឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jingping)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
ដំណឹងនៃទស្សនកិច្ចខាងលើត្រូវបានប្រកាសដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) កំលុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ បើតាមលោក វ៉ាង គឺលោក វីដូដូ នឹងជួបពិភាក្សាជាមួយលោក ស៉ី ព្រមទាំងជាមួយ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) ដើម្បីផ្លាស់ប្តូរទស្សនៈស៉ីជម្រៅរវាងគ្នា។
លើកលែងតែកំលុងពេលព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលពីខែកុម្ភៈ ឆ្នាំនេះប៉ុណ្ណោះ គឺទីក្រុងប៉េកាំងមិនដែលទទួលស្វាគមន៍ មេដឹកនាំបរទេស ក្នុងលក្ខណៈដាច់ដោយឡែកម្នាក់ៗនោះឡើយ គិតចាប់តាំងពីវិធានការរឹតត្បិតព្រំដែនយ៉ាងតឹងរ៉ឹង ត្រូវបានដាក់ចេញចាប់តាំងពីឆ្នាំ២០២០មក ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះហើយ លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេបង្អស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នឥណ្ឌូណេស៉ី គឺជាប្រធាននៃក្រុមប្រទេស G20 ហើយនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ G20 ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅ នៅកោះបាលី ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា៕