(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជា គ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា ខណៈវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសង្រ្គោះបន្ទាន់របស់ WHO ស្តីពីមេរោគអុតស្វា នឹងត្រូវធ្វើឡើងដើម្បីពិនិត្យមើលភស្តុតាង ស្តីពីស្ថានការណ៍វិវត្តទៅមុខកាន់តែអាក្រក់នៃជំងឺនេះ ខណៈដែលករណីឆ្លងចំនួន ១៤,០០០ករណី ត្រូវបានរាយការណ៍ពីជាង ៧០ ប្រទេស ហើយទើបតែបានរីករាលដាល ដល់ប្រទេសចំនួន៦បន្ថែមទៀត។

ប្រសិនបើគណៈកម្មាធិការនេះផ្តល់យោបល់ថា ស្ថានភាពបច្ចុប្បន្នបានឈានដល់ កម្រិតប្រកាសអាសន្នសុខភាពជាសកលនោះ គឺគណៈកម្មាធិការនឹងស្នើឡើងនូវអនុសាសន៍បណ្តោះអាសន្ន ស្តីពីវិធានការបង្ការនិងកាត់បន្ថយការរាលដាល ឱ្យប្រសើរជាងមុន ហើយគ្រប់គ្រងការឆ្លើយតបផ្នែកសុខភាពសាធារណៈជាសកល។ ទោះយ៉ាងណា គេនៅមិនដឹងអំពីពេលវេលា នៃការប្រកាសលទ្ធផលជាសាធារណៈ នៅឡើយទេ។

គួរបញ្ជាក់ថា ការកើនឡើងនៃករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ ចាប់តាំងពីដើមខែឧសភា មកម្ល៉េះ នៅក្រៅបណ្តាប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល ជាកន្លែងដែលជំងឺនេះ ធ្លាប់បានរាលដាលជាយូរមកហើយ៕