(ហុងកុង)៖ «អាន អាន» ដែលជាសត្វខ្លាឃ្មុំផេនដាយក្សឈ្មោល ចាស់ជាងគេបំផុតនៅក្រោមការមើលថែរបស់មនុស្ស បានងាប់ក្នុងព្រហស្បតិ៍នេះ នៅអាយុ៣៥ឆ្នាំ ខណៈអាយុនេះគឺស្មើនឹង១០៥ឆ្នាំ នៃអាយុរបស់មនុស្សលោកយើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
អាន អាន បានចាប់ផ្តើមរស់នៅ ក្នុងឧទ្យានកម្សាន្ត អូសៀន ផាក (Ocean Park) នៃទីក្រុងហុងកុង ចាប់តាំងតែពីឆ្នាំ១៩៩៩ មក។ បើតាមការអះអាងរបស់ឧទ្យាននេះ គឺសុខភាពរបស់ខ្លាឃ្មុំផេនដា អាន អាន បានបង្ហាញសញ្ញា នៃការធ្លាក់ចុះទ្រុឌទ្រោមជាលំដាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយវាលែងសូវចង់ស៉ីអាហារ រហូតដល់លែងស៉ីតែម្តង។
គួរបញ្ជាក់ថា អាន អាន ហើយនិង ជា ជា (Jia Jia) ដែលជាខ្លាឃ្មុំផេនដាយក្សញីចាស់ជាងគេបំផុត និងបានងាប់កាលពីឆ្នាំ២០១៦ នៅអាយុ៣៨ឆ្នាំ គឺជាអំណោយរបស់រដ្ឋាភិបាលចិន។ ឥឡូវនេះ ឧទ្យាន អូសៀន ផាក នៅសល់សត្វខ្លាឃ្មុំផេនដាយក្សតែ ២ក្បាលប៉ុណ្ណោះ ដោយ១ញី ១ឈ្មោល គឺ យីង យីង (Ying Ying) ហើយនិង លេ លេ (Le Le)។ រដ្ឋាភិបាលចិនបានប្រគល់ យីង យីង និង លេ លេ ឱ្យហុងកុង កាលពីឆ្នាំ២០០៧ ខណៈឧទ្យាន អូសៀន ផាក បានសង្ឃឹមថា ពួកវានឹងបង្កាត់ពូជបានកូនៗ ប៉ុន្តែមកទល់ឥឡូវ គឺមិនទាន់មាននៅឡើយទេ៕