(កូឡុំបូ)៖ លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កា នៅថ្ងៃព្រហស្បតិ៍នេះ គឺមួយថ្ងៃបន្ទាប់ពីលោកទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា ហើយលោកបានជំរុញឱ្យ ប្រទេសដីកោះនេះរួបរួមគ្នា ដើម្បីស្វែងរកផ្លូវចេញពី វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
ពិធីស្បថចូលកាន់តំណែងនេះត្រូវបានធ្វើឡើងនៅក្នុងសភា ដោយមានវត្តមានចូលរួមពីប្រធានតុលាការកំពូលរបស់ប្រទេស។ ដោយឡែក ចលនានៃការតវ៉ាដែលបានរុញច្រានឲ្យ លោក ហ្គូតាបាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) អតីតប្រធានាធិបតីស្រីលង្កាដែលបានលាលែងពីតំណែងនោះ ហាក់មានសភាពស្ងប់ស្ងាត់ ទោះបីជាលោក វីគ្រីមេស៉ីងហ្កេ មិនមានប្រជាប្រិយភាព ក្នុងចំណោមផ្នែកខ្លះនៃប្រជាជនក៏ដោយ។
គួរបញ្ជាក់ថា លោក វីគ្រីមេស៉ីងហ្កេ ដែលពីមុនធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រោមអាណត្តិរបស់លោក រ៉ាចាប៉ាកសា ធ្លាប់បានចូលរួមក្នុងការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កញ្ចប់ថវិកាសង្រ្គោះ ចំនួន ៣ពាន់លានដុល្លារ។ ស្រីលង្កាដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនោះ កំពុងស្វែងរកជំនួយពីប្រទេសជិតខាងដូចជា ឥណ្ឌា, ចិន និងដៃគូរអន្តរជាតិផ្សេងទៀត៕