(ញូដេលី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ គ្រោះអគ្គិភ័យបានកើតមានឡើង នៅលើនាវាផ្ទុកយន្តហោះចម្បាំង អាយអិនអេស វីក្រាម៉ាឌីត្យា (INS Vikramaditya) ពេលដែលវាកំពុងធ្វើប្រតិបត្តិការ នៅក្បែរមូលដ្ឋាន កាវ៉ា (Karwar) ក្នុងរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន NDTV នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
កងទ័ពជើងទឹកឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ ប្រកាសឱ្យដឹងពីដំណឹងខាងលើ ហើយបានបន្ថែមថា ការស៉ើបអង្កេតត្រូវបានបញ្ជាឱ្យធ្វើឡើង ជុំវិញករណីគ្រោះអគ្គិភ័យនេះ។ ចំណែឯក្រុមនាវិកដែលមានវត្តមាន លើនាវាផ្ទុកយន្តហោះចម្បាំងនោះ គឺមានសុវត្ថិភាពទាំងអស់។
យោងតាមសេចក្តីថ្លែងការណ៍ដដែល អគ្គិភ័យត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមនាវិក តាមរយៈការប្រើប្រាស់ ប្រព័ន្ធពន្លត់អគ្គិភ័យរបស់នាវា។ កាលពីខែឧសភា ឆ្នាំមុន និងខែមេសា ឆ្នាំ២០១៩ នាវាផ្ទុកយន្តហោះចម្បាំងឥណ្ឌាមួយនេះ ក៏ធ្លាប់រងគ្រោះអគ្គិភ័យដែរ ដោយក្នុងករណីឆ្នាំ២០១៩ មាននាវិកម្នាក់ស្លាប់។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង វីក្រាម៉ាឌីត្យា គឺជានាវាកែច្នៃពីនាវាផ្ទុកយន្តហោះចម្បាំងប្រភេទកៀវ (Kiev-class) របស់អតីតសហភាពសូវៀត ដែលឥណ្ឌាបានទិញយកពីរុស្ស៉ី កាលពីឆ្នាំ២០១៣ នៅក្រោមកិច្ចព្រមព្រៀងតម្លៃ ២.៣ពាន់លានដុល្លារ។
នាវាផ្ទុកយន្តហោះចម្បាំងនេះ មានទម្ងន់៤៤,៥០០តោន ជាមួយបណ្តោយប្រវែងខ្ទង់ ២៨៤ម៉ែត្រ និងកម្ពស់ប្រហែល ៦០ម៉ែត្រ។ វាអាចផ្ទុកយន្តហោះបានជាង ៣០គ្រឿង រួមមានយន្តហោះចម្បាំងប្រភេទ MiG-29K ព្រមទាំងឧទ្ធម្ភាគចក្រ Kamov 31 និង Kamov 28។ យោធាជើងទឹកឥណ្ឌា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាវាផ្ទុកយន្តហោះចម្បាំងទី២របស់ខ្លួន ឈ្មោះថា អាយអិនអេស វីក្រាន់ (INS Vikrant) ដែលជាសមិទ្ធផលអភិវឌ្ឍក្នុងស្រុកផ្ទាល់ នៅខែក្រោយនេះ៕