(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះបានសម្តែងការខកចិត្តចំពោះភាពមិនពេញលេញ នៃកញ្ចប់ទណ្ឌកម្មទី៧ របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងដាក់ចេញដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាតាមរយៈវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «វានៅមិនទាន់គ្រប់គ្រាន់ទេ ហើយខ្ញុំសូមប្រាប់ទៅកាន់ដៃគូរបស់ខ្ញុំ ដោយស្មោះត្រង់។ រុស្ស៊ីត្រូវតែទទួលបានអារម្មណ៍ថាមានសម្ពាធខ្ពស់ជាងនេះ សម្រាប់ការបង្កសង្រ្គាម និងដើម្បីបង្ខំឲ្យទីក្រុងមូស្គូត្រឡប់មករកសន្តិភាព»។
គួរបញ្ជាក់ថា ខណៈសហភាពអឺរ៉ុបកំពុងធ្វើការងារក្នុងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី៧របស់ខ្លួន ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូនោះ រុស្ស៉ីបានបង្កើន ការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ ក៏បាននិយាយថាគោលបំណងយោធារបស់រុស្ស៉ីនៅក្នុងប្រទេស អ៊ុយក្រែន គឺមិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស់ នោះទេ៕