(តៃប៉ិ)៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អនាគតរបស់កោះតៃវ៉ាន់ គួរតែត្រូវបានសម្រេចចិត្ត ដោយប្រជាជនតៃវ៉ាន់ ហើយ EU គាំទ្រអត្ថិភាព នៃ«អធិបតេយ្យ» របស់កោះនេះ ខណៈការលើកឡើងបែបនេះតែងតែបង្កការខឹងសម្បារពីសំណាក់ ទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី នីកូឡា បៀ (Nicola Beer) ដែលជាអនុប្រធានសភាអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារដើម សប្ដាហ៍នេះ។ ក្នុងឋានៈជាអ្នកតំណាងមួយរូបនៃសហភាពអឺរ៉ុប លោកស្រី បានជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយ នៅក្នុងជំនួបនោះដែរ លោកស្រី បៀ បានសម្តែងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបថាទីក្រុងប៉េកាំងកំពុងឆ្ពោះទៅរកទិសដៅមួយដែលអាចផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយឯកតោភាគី ជាមួយទីក្រុងតៃប៉ិ។
លោកស្រី បៀ បានគូសបញ្ជាក់ដូច្នេះថា «បញ្ហានេះមិនគួរកើតឡើងទេ ទោះស្ថិតក្នុងកាលៈទេសៈ ឬក្រោមលេសណាក៏ដោយ ហើយអឺរ៉ុបនឹងបន្តគាំទ្រ ប្រជាធិបតេយ្យ សន្តិភាព និងអត្ថិភាពនៃអធិបតេយ្យរបស់តៃវ៉ាន់»។
គួរបញ្ជាក់ថា បើតាមលោកស្រី បៀ អឺរ៉ុបនឹងប្រឆាំងរាល់សកម្មភាពបង្ករឿងទាំងឡាយ ហើយជំរុញឱ្យចិនបញ្ចៀសឱ្យបាននូវកាយវិការគំរាមកំហែង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំង បានសង្កត់ធ្ងន់ថាអនាគតរបស់តៃវ៉ាន់គួរតែត្រូវបានសម្រេចដោយប្រជាជនចិន៕