(ប៉េកាំង)៖ លោកតា Bai Gaoshan អាយុ ៦៨ ឆ្នាំកំពុងស្រោចទឹកក្នុងចម្ការបន្លែ។ ក្នុងចម្ការនេះ ត្រប់ ត្រសក់ និងខ្ទឹមកំពុងតែលូតលាស់ល្អ ហើយដើមផ្លែប៉ោមពីរបានគ្របដណ្តប់ដោយផ្លែឈើពណ៌បៃតងពេញដើម។

«នៅពេលដែលលោកប្រធានរដ្ឋ Xi Jinping មកកាលពីលើកមុន ខ្ញុំបានណែនាំគាត់ម្តងមួយៗ អំពីដំណាំដែលដាំដុះនៅក្នុងវាលចម្ការ។ លោកបានញញឹមហើយនិយាយថា «ផ្លែឈើនិងបន្លែទាំងនេះ គឺគ្រប់គ្រាន់សម្រាប់គ្រួសារអ្នកបរិភោគហើយ»

ភូមិ Fangcheng ថ្មី ឃុំ Xiping ទីក្រុង Datong ខេត្ត Shanxi ជាកន្លែងដែលលោកតា Bai Gaoshan រស់នៅ គឺជាអតីតភូមិផ្លាស់ប្តូរទីលំនៅដើម្បីកាត់បន្ថយភាពក្រីក្រ។ លោកតានិងអ្នកភូមិជាង ២០០ គ្រួសារបានផ្លាស់ទីលំនៅមកទីនេះម្តងមួយៗ ពីលំនៅដីក្សោះជីជាតិលើជម្រាលភ្នំ និងដីអំបិលដែលបានរស់នៅតៗគ្នាគ្រប់ជំនាន់ ហើយជីវិតបានផ្លាស់ប្តូរតាំងពីពេលនោះមក។

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោកប្រធានរដ្ឋចិន Xi Jinping បានដើរចូលទៅក្នុងផ្ទះរបស់លោកតា Bai Gaoshan ហើយអង្គុយនៅលើគែមគ្រែខាងដើម្បីជជែកជាមួយគ្រួសារ Bai Gaoshan។ លោក Bai Gaoshan បានបង្ហាញរូបថតចាស់នៃរូងភ្នំដីដែលគាត់រស់នៅជាង ៤០ ឆ្នាំមុនពេលផ្លាស់ទៅភូមិថ្មី។

លោកប្រធានរដ្ឋ Xi Jinping បានទទួលថតរូប ហើយមើលវាដោយយកចិត្តទុកដាក់ ព្រមទាំងសួរថា «តើចំណាយលុយអស់ប៉ុន្មានហើយ សម្រាប់ចូលរស់នៅក្នុងផ្ទះឥឡូវនេះ?» លោកតា Bai Gaoshan ប្រាប់ថា ក្នុងឆ្នាំ ២០១៩ ដោយមានការគាំទ្រពីរដ្ឋាភិបាល គាត់ចំណាយត្រឹមតែមួយម៉ឺនយាន់ប៉ុណ្ណោះក៏បានចូលស្នាក់នៅក្នុងផ្ទះថ្មី។
«បន្ទាប់ពីរើផ្ទះហើយ ប្រកបការងារអ្វី? ប្រាក់ចំណូលយ៉ាងម៉េចដែរ?» លោកXi Jinping បានសួរបន្តទៀត។

លោក Bai Lijun កូនប្រុសរបស់ Bai Gaoshan បានប្រាប់លោក Xi Jinping ថា បន្ទាប់ពីផ្លាស់ទៅនៅភូមិថ្មី គាត់បានចូលរៀនក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយជាជាងផ្សារដែកក្នុងឆ្នាំ ២០១៩ទទួលបានប្រាក់ចំណូលជាងបួនម៉ឺនយាន់។ លោក Xi Jinping បានសួរថា «តើពួកអ្នកមានផែនការអ្វីខ្លះនាពេលអនាគត?» «ខ្ញុំគ្រាន់តែសង្ឃឹមថាជីវភាពរស់នៅ នឹងកាន់តែប្រសើរឡើង។» លោកតា Bai Gaoshan បានឆ្លើយថា។

លោក Xi Jinping បាននិយាយយ៉ាងម៉ឺងម៉ាត់ថា «ជីវភាពល្អជាងនេះមិនទាន់មកដល់ទេ!» មុនបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ លោកXi Jinping បានចុះត្រួតពិនិត្យការងារនៅខេត្ត Shanxi ជាថ្មីម្តងទៀត ហើយសង្កត់ធ្ងន់ថា ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល គឺជាការតស៊ូស្វែងរករបស់គណបក្សយើងក្នុងរយៈពេលមួយរយឆ្នាំមកនេះ។ យើងមិនត្រូវភ្លេចបំណងដើមរបស់យើងឡើយ ចងចាំបេសកកម្មរបស់យើងក្នុងចិត្ត ហើយធ្វើការតស៊ូពីមួយជំនាន់ទៅមួយជំនាន់៕

វិទ្យុមិត្តភាពកម្ពុជាចិន