(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសអាមេរិកបានប្រគល់អ្វីដែលហៅថា របាយការណ៍ប្រចាំឆ្នាំ២០២២នៃ «សេចក្តីព្រាងច្បាប់បង្ការអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅ Elie Wiesel» ជូនចំពោះរដ្ឋសភា ព្រមទាំងបានចេញផ្សាយ «យុទ្ធសាស្ត្រធ្វើការប៉ាន់ប្រមាណ បង្ការនិងទប់ទល់នឹងអំពើឃោរឃៅ» ជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រអាមេរិក ក្នុងន័យប៉ុនប៉ងបិទស្លាក «ប្រល័យពូជសាសន៍» និង «បង្ខំឱ្យធ្វើពលកម្ម» ទៅលើតំបន់ស៊ីនជាំងប្រទេសចិនជាថ្មីម្តងទៀត។
លោក Elie Wiesel អ្នកនិពន្ធសញ្ជាតិអាមេរិក ជនជាតិជី្វបដែលបានទទួលមរណភាព ជាអ្នករស់រានមានជីវិត ក្នុងការប្រល័យពូជសាសន៍របស់ពួកណាស៊ី ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ លោកធ្លាប់បញ្ចេញសម្លេង ដើម្បីរកយុត្តិធម៌ឱ្យអ្នកស្លាប់បាត់បង់ជីវិត ក្នុងមហាសោកនាដកម្មលើកនេះ។ ហេតុអ្វីបានជាអាមេរិកបានដាក់ឈ្មោះរបស់លោក ជាឈ្មោះអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ និងឆ្លៀតប្រើសេចក្តីព្រាងច្បាប់នេះ និយាយថាអ៊ីចេះថាអ៊ីចុះ ចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសជាច្រើន ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង គឺគ្រាន់តែចង់ប្រឌិតពាក្យកុហក ដែលអាចបំភាន់ភ្នែករបស់អ្នកផង និងបិទបាំងពីការប៉ុនប៉ងដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដើម្បីរក្សាអនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ។
របាយការណ៍ប្រចាំឆ្នាំ២០២២ ដែលក្រសួងការបរទេសអាមេរិកបានប្រគល់នោះ និងគួបផ្សំជាមួយ «សេចកី្តព្រាងច្បាប់ស្តីពីការបង្ការកុំឱ្យមាន ការបង្ខិតបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្ម» របស់អាមេរិកដែលចូលជាធរ មាននៅថ្ងៃទី២១ ខែមិថុនា សុទ្ធតែចាត់ទុកសិទ្ធិមនុស្សជាអាវុធ ប៉ុនប៉ងច្រានចោលតំបន់ស៊ីនជាំង កាត់ផ្ដាច់ពីខ្សែសង្វាក់ឧស្សាហកម្មសកល និងបង្កបង្កើតកត្តាអស្ថិរភាពនៅតំបន់ស៊ីនជាំងដោយចេតនា ដើម្បីសម្រេចបាននូវគោលដៅ ដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។
តាមពិតទៅ មិនថាអាមេរិកចេញផ្សាយរបាយការណ៍យ៉ាងណា ដាក់ចេញយុទ្ធសាស្ត្រយ៉ាងណា ឬប្រកាសសេចកី្តព្រាងច្បាប់យ៉ាងណា ក៏សុទ្ធតែមិនអាចមួលបង្កាច់ដល់តំបន់ស៊ីនជាំងរបស់ចិននោះទេ។ ដោយសារសហគមន៍អន្តរជាតិបានសម្គាល់ឃើញថា តំបន់ស៊ីនជាំងជាតំបន់មួយដែលទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព មានភាពធូរធារស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងជាមួយនឹងបទឧក្រិដ្ឋ «ប្រល័យពូជសាសន៍» និង «បង្ខំឱ្យធ្វើពលកម្ម» ជាដើមទាល់តែសោះ។
តួលេខបានបង្ហាញថា ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំង បានកើនពី១៣៩៨០០លានប្រាក់យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញ នៅប្រទេសនិងតំបន់ចំនួនជាង ១៧០នៅលើពិភពលោក។ ៥ខែដំបូងឆ្នាំនេះ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំង គឺ៦៧៤១០លានប្រាក់យាន់ចិន កើនជាង៣០,៩ភាគរយ ក្រុមមិត្តភកិ្តនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងពាណិជ្ជកម្មបានពង្រីកធំឥតឈប់ឈរ។
ការអភិវឌ្ឍសេដ្ឋកិច្ចអាចជំរុញការប្រកបការងារដោយផ្ទាល់។ ៥ខែដំបូងឆ្នាំនេះ ឱកាសការងារថ្មីនៅតាមទីក្រុង និងជនបទនៃតំបន់ស៊ីនជាំងមាន ២៦៣០០០នាក់។ ក្នុងបរិបទដែលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកមានសភាពធ្លាក់ចុះ លទ្ធផលនេះបានបង្ហាញឱ្យឃើញនូវ ភាពធន់នៃសេដ្ឋកិច្ចស៊ីនជាំង ហើយក៏ទទួលបានការទទួលស្គាល់ពី សហគមន៍អន្តរជាតិផងដែរ។
តាមការពិត អ្វីជា «ប្រល័យពូជសាសន៍» និងអ្វីជា «បង្ខំឱ្យធ្វើពលកម្ម» មានការកំណត់យ៉ាងច្បាស់លាស់ក្នុងច្បាប់អន្តរជាតិ។ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ អាមេរិកបានជំពាក់បំណុលសិទ្ធិមនុស្សកាន់តែច្រើនឡើងៗ។ អាមេរិកស្រែក «ការការពារសិទ្ធិមនុស្ស» កាន់តែខ្លាំង កាន់តែធ្វើឱ្យពិភពលោកមើលច្បាស់ពីធាតុពិតនៃការ «រំលោភសិទ្ធិមនុស្ស» ទៅទៀត។ អាមេរិកដែលជា «អ្នកពូកែមួលបង្កាច់» តែមិនអាចលាបព័ណ៌លើតំបន់ស៊ីនជាំងទេ មានតែនឹងលាតត្រដាង នូវមុខមាត់លាក់ពុតនិងកំហុសរបស់ខ្លួនតែប៉ុណ្ណោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន